អ្នកជំនាញក្នុងប្រទេសសិង្ហបុរីបានឲ្យដឹងថា ផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១ នោះនឹងត្រួសត្រាយផ្លូវដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងជួយជំរុញយ៉ាងធំធេងនូវសក្ដានុពលនោះដើម្បីផ្ដល់កំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសដែលមានទីផ្សារកំពុងរីកលូតលាស់ ។
ពាក់ព័ន្ធទៅនឹងការផ្ដួចផ្ដើមគំនិតថ្មីរបស់ចិននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១ ដែលជាការយកមកប្រើឡើងវិញនូវផ្លូវសមុទ្រសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសចិនសម័យបុរាណ និងពិភពលោកទាំងមូល អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់សិក្សាតំបន់អាស៊ីអាគេ្នយ៍នៅក្នុងប្រទេសសិង្ហបុរីបានសសេរនៅក្នុងអត្ថបទមួយថា ប្រព័ន្ធដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ដែលចិនបានរាប់បញ្ចូលក្នុងផែនការរបស់ខ្លួនដើម្បីជំរុញការតភ្ជាប់គ្នានៅក្នុងតំបន់នោះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
អត្ថបទនោះនិយាយថា នៅតែមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតំបន់នោះចាំបាច់ត្រូវតែមានការកែទម្រង់និងការវិនិយោគទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ផ្លូវដឹកជញ្ជូនដ៏ទន់ខ្សោយនោះ។ អត្ថបទនោះបានបន្ថែមទៀតថា របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ទ្វីបអាស៊ីទាំងមូលត្រូវការទឹកប្រាក់ ៧៣០ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅមុនឆ្នាំ២០២០។
អត្ថបទនោះបាននិយាយថា ចិនបានមើលឃើញឱកាសលើការធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះហើយកំពុងធ្វើការងារលើគោលនយោបាយពាក់ព័ន្ធដើម្បីផ្ដួចផ្ដើមគំនិតក្នុងការបង្កើតផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១ នេះ។
ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំមុនថា ចិននឹងរួមវិភាគទានប្រាក់ចំនួន ៤០ពាន់លានដុល្លារដើម្បីបង្កើតមូលនិធិផ្លូវពាណិជ្ជកម្មដើម្បីពង្រឹងការតភ្ជាប់គ្នានិងពង្រឹងកិច្ចសហប្រតិបត្ដិការនៅក្នុងតំបន់ជិតខាងរបស់ចិន។
គាត់បាននិយាយថា មូលនិធិផ្លូវពាណិជ្ជកម្មថ្មីនោះនឹងត្រូវប្រើប្រាស់ដើម្បីផ្ដល់ការវិនិយោគនិងការគាំទ្រខាងហិរញ្ញវត្ថុដើម្បីអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធធនធាន កិច្ចសហប្រតិបត្ដិការផ្នែកឧស្សាហកម្មកិច្ចសហប្រតិបត្ដិការណ៍ហិរញ្ញវត្ថុ និងគម្រោងផេ្សងៗទៀតដែលពាក់ព័ន្ធទៅនឹងការតភ្ជាប់គ្នាសម្រាប់ប្រទេសនៅតាមផ្លូវពាណិជ្ជកម្មដែនសមុទ្រដែលបានស្នើឡើងរបស់ខ្លួននោះ ។
រួមជាមួយនឹងរដ្ឋាភិបាលកណ្ដាលរបស់ចិន រដ្ឋាភិបាលតំបន់ក៏បានចូលរួមនឹងបេសកកម្មនោះដែរ។ នៅដើមខែឧសភានៅភាគនិរតីនៃប្រទេសចិនបាននិយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន ១,៦ពាន់លានដុល្លារដើម្បីគាំទ្រកម្មវិធីខ្សែក្រវាត់សេដ្ឋកិច្ចសម្រាប់ផ្លូវពាណិជ្ជកម្មនិងផ្លូវពាណិជ្ជកម្មដែនសមុទ្រនៃសតវត្សរ៍ទី២១ នោះ។
ចំពោះការព្រួយបារម្ភក្នុងចំណោមប្រទេសខ្លះអំពីតួនាទីនាំមុខរបស់ចិននៅក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មដែនសមុទ្រ នោះនាយកវិទ្យាស្ថានអាស៊ីបូព៌ានៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ចិនមិនកំពុងស្វែងរកការធ្វើអាណានិគមនោះទេ។ ប៉ុន្ដែខ្លួនមានបំណងក្នុងការបង្កើតឲ្យមានស្ថានភាព ឈ្នះឈ្នះ ជាមួយបណ្ដាប្រទេសពាក់ព័ន្ធនៅទ្វីបអាស៊ីអាហ្វ្រិក និងអាមេរិកឡាទីន៕
ប្រែសម្រួល៖ សាធី