អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអុីស្លង់បានចេញមកស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដល់វីរបុរសបាល់ទាត់ជម្រើសជាតិរបស់ ពួកគេបើទោះបីជាធ្លាក់ចេញពីកម្មវិធីយូរ៉ូឆ្នាំ២០១៦ក៏ដោយ ។
ប្រជាជនជាច្រើនពាន់នាក់បានចូលរួមដង្ហែក្បួនរថយន្តរបស់ក្រុមជម្រើសជាតិ ហើយថែមទាំងមានការប្រគំតន្រ្តីកំដរនិងមានបាញ់កាំជ្រួចក៏ដូចជាបាញ់ទឹកឲ្យចេញជាឥន្ទធនូដើម្បីអបអរដល់ការមកដល់របស់ក្រុមជម្រើសជាតិក្រោយប្រកួតចាញ់ម្ចាស់ផ្ទះបារាំងដោយលទ្ធផល ៥-២ នៅវគ្គ ៨ក្រុមចុងក្រោយ ។
ខ្សែប្រយុទ្ធ Kolbeinn Sigthorsson ដែលស៊ុតបាល់បញ្ចូលទីមួយគ្រាប់ទៅលើបារាំងកាលពីថ្ងៃអាទិត្យនោះបាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានវិលត្រឡប់មកផ្ទះវិញ។ នេះគឺជាក្តីស្រមៃមួយដែល បានក្លាយទៅជាការពិតហើយ ដែលទទួលបានការគាំទ្រដ៏ច្រើនដូចនេះ។ អ្នកគាំទ្រជិត៣ម៉ឺននាក់ស្មើនឹង១០ភាគរយនៃប្រជាជនសរុបរបស់ប្រទេសអុីស្លង់ ។
យើងបាន ទទួលបានបទពិសោធន៍ធំធេងជាប្រវត្តិសាស្រ្តថ្មីមួយទៀតហើយ យើងបាននាំយកមោទនភាពជូនជាតិ របស់យើង”។
គួររំលឹកថា អុីស្លង់បានឡើងទៅលេង វគ្គ៨ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវតិ្តសាស្រ្តបាល់ទាត់របស់ខ្លួនក្រោយយកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផល២-១ ប៉ុន្តែពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះបារាំងដោយលទ្ធផល ៥-២ មិនអាចទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ ។
ចំណែក៤ក្រុមចុងក្រោយនៃកម្មវិធីយូរ៉ូឆ្នាំ២០១៦ឯណោះវិញក្រុមជម្រើសជាតិ វេលត្រូវប៉ះក្រុម ជម្រើសជាតិព័រទុយហ្គាល់ ចំណែកម្ចាស់ផ្ទះបារាំងជួបម្ចាស់ជើងឯក ពិភពលោកអាល្លឺម៉ង់៕
ដោយ៖ ដេវីត