Update ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ផ្សេងទៀត ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨ចំណុច ដើម្បីចងសម្ព័ន្ធភាពជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ : កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ

ដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង

គណបក្សចំនួន ២៨ ដែលរួមមាន ៖

១- គណបក្សប្រជាជនកម្ពុជា
២- គណបក្សខ្មែររួបរួមជាតិ
៣- គណបក្សពន្លឺថ្មី
៤- គណបក្សសញ្ជាតិកម្ពុជា
៥- គណបក្សខ្មែរក្រោក
៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៧- គណបក្សរស្មីខេមរា
៨- គណបក្សខ្មែរសាធារណរដ្ឋ
៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១០- គណបក្សយុវជនកម្ពុជា
១១- គណបក្សធម្មាធិបតេយ្យ
១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៣- គណបក្សខ្មែរតែមួយ
១៤- គណបក្សឯកភាពជាតិខ្មែរ
១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ
១៦- គណបក្សកសិករ
១៧- គណបក្សស្ត្រីដើម្បីស្តី្រ
១៨- គណបក្សបំណងពលរដ្ឋ
១៩- គណបក្សខ្មែរអភិរក្ស
២០- គណបក្សមហាសាមគ្គីជាតិខ្មែរ
២១- គណបក្សនគរប្រជាធិបតេយ្យ
២២- គណបក្សអំណាចប្រជាពលរដ្ឋ
២៣- គណបក្សខ្មែរអង្គរ
២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ
២៥- គណបក្សម៉ូលីណាកា
២៦- គណបក្សចលនាប្រជាធិបតេយ្យ
២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា
២៨- គណបក្សមហានគរ

បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាដូចតទៅ៖

១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌

សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

៣- ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។

៤- រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រ កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។

៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។

៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។

៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណ៏មានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ។

៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ។

កិច្ចព្រមព្រៀងនេះមានអានុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print