ភ្នំពេញ ៖ ក្នុងនាមយើងជាពុទ្ធបរិស័ទ ជាអ្នកកាន់ពុទ្ធសាសនានៅពេលដែលឃើញព្រះសង្ឃបដិបត្តិធម៌វិន័យបានយ៉ាងខ្ជាប់ខ្ជួនត្រឹមត្រូវតាមពុទ្ធោវាទគឺមានតែអនុមោទនា ត្រេកអរ មានសទ្ធាជ្រះថ្លា ជាពិសេសព្រះអង្គទ្រទ្រង់នូវធុតង្គវត្ត(អង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវកិលេស) ថែមទៀត រឹងរឹតតែធ្វើឲ្យពុទ្ធបរិស័ទកាន់តែមានចិត្តជ្រះថ្លាចំពោះការបដិបត្តិរបស់ព្រះអង្គ ព្រោះសម័យបច្ចុប្បន្នព្រះសង្ឃដែលលះបង់នូវវត្តអារាមទីសេនាសនៈដ៏ប្រណីត លះបង់នូវចង្ហាន់ឆ្ញាញ់ៗទៅទ្រទ្រង់នូវធុតង្គវត្តស្ទើរតែរកគ្មាន ធុតង្គវត្តមិនងាយនឹងព្រះភិក្ខុសង្ឃអង្គណានឹកឃើញចង់ទ្រទ្រង់នោះទេ លុះត្រាតែព្រះភិក្ខុសង្ឃអង្គនោះមានការលះបង់ខ្ពស់ មានការតាំងចិត្តខ្ពស់ លែងគិតលែងខ្វល់ខ្វាយរឿងរ៉ាវរបស់សត្វលោក ផ្តោតសំខាន់ទៅលើតែការបដិបត្តិ កម្ចាត់បង់នូវកិលេសដែលដិតដាមជាប់នូវក្នុងខន្ធសន្តាន ដុតកម្លោចនូវកិលេសឲ្យអស់ បាញ់ឆ្ពោះទៅរកអមតឋាន ពោលគឺព្រះនិព្វាន។
សូមបញ្ជាក់ថា ៖ ព្រះថេរធម្ម វន វាសី ចន្ទមុនី ដែលកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គមគឺព្រះអង្គបដិបត្តិនូវធុតង្គវត្ត ចម្រើនវិបស្សនាធុរៈ គង់នៅតែក្នុងព្រៃ ឆាន់ចង្ហាន់លាយឡំចូលគ្នា ឆាន់ថ្នាំត្រាំដោយទឹកមូត្រ យកគល់ឈើជាទីសេនាសនៈស្នាក់អាស្រ័យ ត្រេចចរគ្រប់ទីកន្លែង ទៅដល់ទីណាគង់នៅទីនោះ។ ដោយអំណាចនៃការបដិបត្តិនេះសូម្បីតែសត្វអាសិរពិស សត្វកាចសាហាវ ពួកអមនុស្ស ខ្មោចព្រាយបិសាចក៏មិនហ៊ានយាយីព្រះអង្គដែរ ដោយសារតែការផ្សាយមេត្តាធម៌ ផ្សាយចិត្តសន្ដោសប្រោសប្រណីរបស់ព្រះអង្គចំពោះសព្វសត្វទូទៅកុំឲ្យមានកម្មពៀរវេរានឹងគ្នា ឲ្យនៅជាសុខប្រាសចាកទុក្ខ។ មិនត្រឹមតែប៉ុណ្ណោះ បារមីនេះបានសាយភាយចេញទៅដល់ពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លានាំយកនូវចង្ហាន់ ទេយ្យវត្ថុជាច្រើនសន្ធឹកសន្ធាប់ទៅប្រគេនដល់ព្រះអង្គទាំងដែលព្រះអង្គមិនបានប្រកូកប្រកាសអំពាវនាវសូម្បីតែបន្តិច។
សរុបមកក្នុងនាមយើងជាពុទ្ធសាសនិកគឺមានតែជួយជ្រោមជ្រែង ទំនុកបម្រុងព្រះអង្គអស់ពីចិត្តពីថ្លើមដើម្បីព្រះអង្គមានព្រះកាយពលបដិបត្តនូវធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ឲ្យពុទ្ធសាសនាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថាជាសាសនារបស់រដ្ឋ ព្រមទាំងជាសាសនាដ៏ល្អផូរផង់ ជឿហេតុជឿផលតាំងនៅយូរអង្វែងគ្រប់៥០០០ព្រះវស្សា ៕
ដោយ ៖ សិលា