ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងដឹកអាហារកែច្នៃចម្រុះគ្មានលិខិតអនុញ្ញាត ពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ ប្រគល់ឱ្យការិយាល័យជំនាញ ។ ករណីករណីបង្ក្រាបរថយន្តដឹកអាហារកែច្នៃគ្មានច្បាប់អនុញ្ញាត បានធ្វើឡើងនៅម៉ោង១៣ និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នៅចំណុចព្រីងកោង ស្ថិតនៅក្នុងឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវីរៈសេនីយ៍ទោ នួនសុភក្តី នាយការិយាល័យរងនគរបាលប្រ ឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រថយន្តដឹកអាហារកែច្នៃដែលសមត្ថកិច្ចធ្វើការឃាត់ទុកនោះ ម៉ាកមីតហ្សុយប៊ីស៊ី ធុនធំ ពាក់ស្លាកលេខ បាត់ដំបង ៣A-៣៥៣ ចំណែកអ្នកបើកបររថយន្តត្រូវបានលោតចុះពីរថយន្តគេចខ្លួនបាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការបានធ្វើការឃាត់កម្មកររថយន្តម្នាក់ឈ្មោះ សួម លីហុង អាយុ២៨ឆ្នាំ មានទី លំនៅភូមិគោកខ្ពស់ ឃុំដូងជ្រៃ ស្រុកថ្ម គោល ខេត្តបាត់ដំបង យកមកធ្វើការសាកសួរ
លោក ក្រឹងសំអាត ប្រធានការិយាល័យផលិតកម្មនិងបសុខព្យាបាលខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៦ខែតុលានេះ បានឲ្យដឹងថា ចំពោះអាហារកែច្នៃដែលសមត្ថកិច្ចធ្វើការឃាត់បានក្នុងរថយន្តនេះមានចំនួនជាង១០កេះ អាហារកែច្នៃទាំងនេះមានប្រហិត ស្លាបមាន់ និង អាហារកែច្នៃជាច្រើនប្រភេទទៀត។
អាហារកែច្នៃគ្មានច្បាប់អនុញ្ញាតនេះសមត្ថកិច្ចជំនាញ នឹងសុំការអនុញ្ញាត បន្តអនុវត្តតាមនីតិវិធី នឹងគ្រោងសុំការអនុញ្ញាតធ្វើការដុតកំទេចចោល ដោយសារអាហារកែច្នៃមួយចំនួន ខូចគុណភាព ដោយពុំបានរក្សាទុកត្រឹមត្រូវក្នុងទូបង្កក និងអាហារកែច្នៃមួយចំនួនជាអាហារមិនឱ្យមានការនាំចូលផងដែរ៕ដោយ៖ ចន្ថា