ភ្នំពេញ : សារលិខិតថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នាទិវាដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវឌ្ឍសម្តែងថ្វាយ នូវមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ក្នុងឱកាសគម្រប់ខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នេះ។
ក្នុងវរោកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះសព្ទសាធុការពរជ័យ ដ៏ជ្រាលជ្រៅបំផុតចំពោះ “ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គក្នុងព្រះបរមសិរីរាជសម្បត្តិដ៏ពិសិដ្ឋ បានយកព្រះទ័យ ទុកដាក់បំពេញនូវព្រះរាជបេសកកម្មជាច្រើន ធ្វើឱ្យប្រជារា្រស្ត្រនៅទូទាំងប្រទេស រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃ “សន្តិភាព” ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបំពេញនូវព្រះរាជវីរគំរូ នៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ រួមចំណែកយ៉ាងសំខាន់ជាមួយនិងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេច មហាបវរធិបតី ប៊ុន ហិណគ ជាប្រមុខដឹកនាំ ធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺសុះសាយឈានឡើង។
ស្ថិតក្នុងវេលាដ៏មហាជ័យមង្គលាភីរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ- ព្រះមហាក្សត្រិយាធិខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទូលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕