អង្គភាពយោធាលោកខាងលិចកំពុងប្រញាប់ប្រញាល់ទៅកាន់មជ្ឈិមបូព៌ា និងសមុទ្រមេឌីទែរ៉ាណេ ដើម្បីជួយអុីស្រាអែល ចាប់ពីកងកម្លាំងការពារដែនអាកាស រហូតដល់នាវាផ្ទុកយន្តហោះ។
បស្ចិមប្រទេសបានបញ្ជូនកងទ័ពទៅកាន់សមុទ្រមេឌីទែរ៉ាណេយ៉ាងច្រើនដើម្បីជួយអុីស្រាអែលនៅក្នុងបរិបទដែលអុីស្រាអែលបានចាប់ផ្តើមបើកការវាយប្រហារលើដីនៅតំបន់ Gaza Strip ក្នុងប្រទេសប៉ាឡេស្ទីន ។ ដើម្បីកម្ចាត់ខ្មាន់កាំភ្លើងពីក្រុមប្រដាប់អាវុធ Hamas កងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចបានបន្ថែមកម្លាំងយ៉ាងច្រើនទៅកាន់តំបន់ឆ្នេរភាគខាងកើតមេឌីទែរ៉ាណេ ដើម្បីគាំទ្រទីក្រុង Tel Aviv។
កន្លងមក តំណាងអចិន្ត្រៃយ៍របស់អុីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ Gilad Erdan បានប្រកាសថា ក្រុង Tel Aviv មិនមានសង្រ្គាមជាមួយប្រជាជនប៉ាឡេស្ទីនទេ គឺគ្រាន់តែស្វែងរកការកម្ចាត់កងកម្លាំងអ៊ិស្លាមហាម៉ាស់ប៉ុណ្ណោះ។
ជាមួយគ្នានេះ អុីស្រាអែលក៏បានប្រកាសថា ខ្លួនមិនចង់ធ្វើសង្រ្គាមជាមួយប្រទេសនិងអង្គការប្រដាប់អាវុធផ្សេងទៀតនោះទេ ប៉ុន្តែខ្លួនក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងសង្រ្គាមលើគ្រប់វិស័យ ដោយសំដៅទៅលើសង្រ្គាមជាមួយក្រុមប្រដាប់អាវុធ Hezbollah នៅលីបង់ និងសូម្បីតែ ប្រទេសសត្រូវអុីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ដើម្បីបង្កើនការគាំទ្រដល់សម្ព័ន្ធមិត្តដ៏សំខាន់បំផុតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី 26 ខែតុលា យន្តហោះដឹកជញ្ជូនយោធាដែលដឹកទាហាននៃកងម៉ារីនអាមេរិកបានចុះចតនៅអាកាសយានដ្ឋានមិនស្គាល់អត្តសញ្ញាណក្នុងតំបន់ជុំវិញអុីស្រាអែល៕ ដោយធីរីណា
រូបថត: GD&TD