ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា អាចនឹងមានភ្លៀងធ្លាក់បង្គួរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០ %

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោយ។ ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី​ និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ​មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។

ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយនឹងលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

នៅថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៤០% ទៅ ៥០%។

ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។

ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ ចំពោះតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្គួរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០ %៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print