លោកអភិសន្ដិបណ្ឌិត ស សុខា និងលោកស្រី អញ្ជើញប្រគល់-ទទួលទូកង កម្ពោជិកបុត្តាខេមរាតរី និងអគារតម្កល់ទូក ជូនរដ្ឋបាលខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីប្រគល់-ទទួលទូកង កម្ពោជិកបុត្តាខេមរាតរី និងអគារតម្កល់ទូក សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី ជូនរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់។

ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។

អគារតម្កល់ទូកង វែងជាងគេលើពិភពលោក ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។

នាឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា ក្នុងនាមជាអ្នកស្ថាបនិកដឹកនាំកសាងទូក ង “កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត ដែលបានរួមគ្នាកសាង និងថែរក្សាទូក ង វែងជាងគេលើពិភពលោក ជាស្នាដៃកូនខ្មែរដ៏ល្អប្រណីត និងល្បីល្បាញលើឆាកអន្តរជាតិមួយនេះ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print