ភ្នំពេញ : សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨មក កម្ពុជា ទទួលបានផ្លែផ្កាពីសុខសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ទើបកម្ពុជាមានឱកាសដោះមីននៅខេត្តកំពង់ស្ពឺ ក៏ដូចជាការបោសសំអាតមីនទូទាំងប្រទេស ដើម្បីរំដោះដីដែលធ្លាប់ជាចម្ការមីន ទៅជាដីសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាក់ស្តែងដីនៅខេត្តកំពង់ស្ពឺនេះជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សន្តិភាព បានប្រែក្លាយតំបន់សមរភូមិ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ប្រជាពលរដ្ឋដើរលែងកំសាន្តដោយគ្មានការភិតភ័យចំពោះសង្រ្គាម និងគ្រោះថ្នាក់ដោយសារមីន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ផ្លែផ្កានៃសន្តិភាពនេះហើយ ដែលជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានផលប្រយោជន៍ ពោលគឺការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ៖ គោលដៅធំរាជរដ្ឋាភិបាល គឺបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា សមិទ្ធផលអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ពិតសាកសមនឹងការអភិវឌ្ឍ និងការកើនឡើងតួនាទី ភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឹ ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារដែលបានខិតខំប្រឹងប្រែបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ នេះហើយជាគោលដៅធំសម្រាប់រាជរដ្ឋាភិបាលអណត្តិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិម្មិតបង្ហាញពីភាពឱ្យកាន់តែរឹងមាំ និងភាពកាន់តែសំបូរបែប កាន់តែទំនើបនៅក្នុងការផ្តល់សេវារដ្ឋបាល។ នេះជាការឆ្លើយតបនូវការទទួលខុសត្រូវកាន់តែខ្ពស់ ក្នុងគោលនយោបាយវិមជ្ឈការដោយផ្តល់សិទ្ធិទៅអោយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ដឹកនាំសម្របសម្រួលការងារ នេះជាការបង្ខិតសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា, ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០ ពង្រឹង ៣០ ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខាងតែបាន៕
ដោយ : សហការី