សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងអាណត្តិនេះគឺជាអាណត្តិដែលត្រូវពង្រឹងច្រើនជាងពង្រីក «ឆ្នាំ២០២៤ ជាឆ្នាំដែលចាប់ហ្វ្រាំង និងវាយតម្លៃ»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិនេះគឺជាអាណត្តិដែលត្រូវពង្រឹងច្រើនជាងពង្រីក ក្នុងន័យថាពង្រឹងនៅសមត្ថភាពនៃការដឹកនាំក៏ដូចជាការបម្រើលើសេវាសាធារណៈជាជាងក្នុងការពង្រីកបន្ថែមនៅមន្ត្រីដែលមិនចាំបាច់។

ថ្លែងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជារដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតីបានលើកឡើងថា រដ្ឋាភិបាលក្នុងអាណត្តិរបស់សម្ដេចគឺត្រូវពង្រឹងទៅលើវិស័យ អប់រំ សុខាភិបាល និងវិមជ្ឈការ ដើម្បីធានាប្រសិទ្ធភាពកាន់តែល្អ។

សម្ដេចថា៖ «ឆ្នាំ២០២៤ ជាឆ្នាំដែលចាប់ហ្វ្រាំង និងវាយតម្លៃ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការពង្រីកគឺត្រូវធ្វើតាមតម្រូវការជាក់ស្ដែង។ ជាពិសេសគឺថ្នាក់ក្រោមជាតិដែលនាពេលខាងមុខក៏នឹងមានការផ្ទេរសិទ្ធិពីខេត្ត ទៅថ្នាក់ក្រោមទៀតផងដែរ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០ ពង្រឹង ៣០ ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខាងតែបាន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

សម្ដេចធិបតីថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print