WHO បាននិយាយថា មិនអាចជម្លៀសអ្នកជំងឺបានទេ អុីស្រាអែលអនុញ្ញាតឱ្យរថយន្តសង្គ្រោះចំនួន ១០០គ្រឿងចូលតំបន់ហ្គាហ្សាស្ទ្រីប

ចែករំលែក៖

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនអាចជម្លៀសអ្នកជំងឺនៅមន្ទីរពេទ្យចេញពីតំបន់ជម្លោះ និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។

WHO បាននិយាយនៅលើបណ្តាញសង្គម X ថា “មន្ទីរពេទ្យនៅភាគខាងជើង Gaza Strip ស្នើសុំជម្លៀសម្តងហើយម្តងទៀត ប៉ុន្តែវាមិនអាចទៅរួចនោះទេ ដោយសារតែការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺ។ យើងអំពាវនាវឱ្យមានការការពារជនស៊ីវិលនិងបុគ្គលិកសុខាភិបាល ក៏ដូចជាការដកបទបញ្ជាជម្លៀសចេញ និងធានាការបន្តទទួលបានការផ្គត់ផ្គង់មនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា” ។
WHO ក៏បាននិយាយផងដែរថា នៅតំបន់ហ្គាហ្សាស្ទ្រីប “មានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ហើយកន្លែងពេទ្យជាច្រើនត្រូវបានបំផ្លាញដោយសារការវាយប្រហារតាមអាកាស”។ WHO បានសង្កត់ធ្ងន់ថា “មន្ទីរពេទ្យពេញដោយអ្នកជំងឺដែលរបួសធ្ងន់ ហើយលំហូរនៃជនរងគ្រោះមិនបង្ហាញសញ្ញានៃការបញ្ឈប់នោះទេ។ ការផ្គត់ផ្គង់ថ្នាំកំពុងអស់ ហើយការខ្វះខាតប្រេងឥន្ធនៈបានប៉ះពាល់ដល់ប្រតិបត្តិការនៃបរិក្ខារពេទ្យ”
កាលពីមុន WHO បានរាយការណ៍ថា ដោយសារកង្វះថ្នាំ ប្រតិបត្តិការវះកាត់ត្រូវបានអនុវត្តដោយគ្មានការប្រើថ្នាំសន្លប់លើអ្នករបួសនៅតំបន់ហ្គាហ្សាស្ទ្រីប។ អង្គការក៏បានកត់សម្គាល់ផងដែរថា ជំនួយផ្នែកវេជ្ជសាស្រ្តប្រហែល 26 តោនកំពុងរង់ចាំមកដល់ Gaza ហើយបានអំពាវនាវដល់កងទ័ពអុីស្រាអែលកុំឱ្យផ្លោងដាក់សម្ភារៈបរិក្ខារពេទ្យ។
កាសែត New York Times បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលនិយាយថា អុីស្រាអែលបានប្តេជ្ញាចិត្តក្នុងការអនុញ្ញាតឱ្យរថយន្តជំនួយមនុស្សធម៌ចំនួន 100 គ្រឿងចូលតំបន់ហ្គាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃតាមរយៈច្រកព្រំដែន Rafah នៅតាមព្រំដែនជាមួយអេហ្ស៊ីប។
ជំនួយនេះនឹងរាប់បញ្ចូលទាំងប្រេងឥន្ធនៈចំនួនកំណត់ដែលអង្គការសហប្រជាជាតិអាចចែកចាយដល់ហេដ្ឋារចនាសម្ព័ន្ធមនុស្សធម៌សំខាន់ៗនៅក្នុងតំបន់ហ្គាហ្សា ភាគច្រើនជាមន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មគឺដើម្បីធានាថា ក្រុមហាម៉ាស់មិនមានលទ្ធភាពចូលទៅកាន់ប្រភពប្រេងឥន្ធនៈនេះទេ៕ ដោយធីរីណា

...

រូប​ថត​:REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print