ខណ្ឌចំការមន បើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខណ្ឌ ដើម្បីប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីឱ្យគម្រោងបានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខណ្ឌចំការមន បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ –២០២៦ ដើម្បីអោយមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនបានចូលរួម។

កម្មវិធីនេះធ្វើឡើង នៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន តំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា នីតា តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ព្រមទាំងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី, តំណាងដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនផងដែរ។

លោក ម៉ៅ បូណែត បានមានប្រសាសន៍លើកឡើងថា៖

ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤–២០២៦ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌ, ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។

លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាខណ្ឌនីមួយៗ ។ សិក្ខាសាលានេះ រៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

លោកស្រី ជា នីតា ក្នុងនាមគណ:អភិបាលខណ្ឌ បានអំពាវនាវដល់ តំណាងមន្ទីរ អង្គភាព អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ និងគម្រោងផែនការ អាទិភាពរបស់សង្កាត់ ក្នុងឆ្នាំ២០២៤ ជាបន្តទៀត ដើម្បីឆ្លើយតបបានទៅនឹងសេចក្តីតម្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តន៍គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែប្រសើរឡើង ។

បើតាមរបាយការណ៍នៃគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលា សមាហរណកម្មឆ្នាំ២០២២ ដែលបានអនុវត្តឆ្នាំ២០២៣ និងគម្រោងជាអាទិភាពសម្រាប់ឆ្នាំ២០២៤ រួមមានគម្រោងដែលទទួលបានការគាំទ្រឆ្នាំ២០២៣ សរុបចំនួន ១៤៤គម្រោង អនុវត្តសម្រេចបាន ១៤៤គម្រោង ដែលមានដូចជាផ្នែកសេដ្ឋកិច្ច ចំនួន ២២គម្រោង លើ ២២គម្រោង ផ្នែកសង្គមកិច្ចចំនួន ៦៤គម្រោង លើ ៦៤គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ៤១គម្រោងលើ៤១គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ១៧ គម្រោង លើ ១៧គម្រោង។ 

...

ដោយឡែកសម្រាប់គម្រោងជាអាទិភាព ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រ នៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ មានចំនួន ១៨៤គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច ២១គម្រោង, ផ្នែកសង្គមកិច្ច ១០១គម្រោង, ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិ បរិស្ថាន ២៨គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខ ចំនួន ៣៤គម្រោង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print