ភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ តំណាងអយ្យការបានស៊ើបសួរលើជនជាតិចិនចំនួន១០នាក់
ដែលជាមេខ្លោងថតរឿងក្តៅសាច់នៅក្នុងសណ្ឋាគារ Wow Now រួចចោទប្រកាន់ជាផ្លូវការ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ បានប្រាប់ឱ្យដឹងថា សំណុំរឿងខាងលើនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាពនិងសម្ភារអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស និងអំពេីធ្វេីអាជីវកម្មផ្លូវភេទ ។
ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទសញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែកចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ២នាក់ ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណីផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនកើតហេតុមាននារីខ្មែរ២ នាក់ជាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ក្រុមនោះថា យកពួកនាងទៅថតនិងផលិតរឿងវីដេអូក្តៅសាច់បែបអាសអាភាសនៅក្នុងបន្ទប់ជាន់ទី៩ នៃ អគារកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើរគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគារមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេសប្រមាណជិត៥០នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថតនិងផលិតរឿងវីដេអូបែបអាសអាភាស ។
បច្ចុប្បន្ន ក្រុមជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ ៕ ដោយ រ៉ារ៉ា