ខេត្តកោះកុង ៖ អភិបាលខេត្ត នៃគណះអភិបាលកោះកុង លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត៣លានរៀល ដល់អ្នកបង្ហាញពីអត្តសញ្ញាណរបស់ជន ដែលប្រព្រឹត្តបទល្មើសសម្លាប់សត្វឈ្លូសយ៉ាងព្រៃផ្សៃ កាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្ត នៃគណះអភិបាលកោះកុង បានសរសេរតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ភ្ជាប់ជាមួយវីដេអូ ដែលបង្ហាញពីការសម្លាប់យ៉ាងឃោឃៅ នៅព្រឹកថ្ងៃទី៣១ ខែតុលានេះថា ទង្វើររបស់បុរសម្នាក់ ដែលវាយសម្លាប់កូនសត្វឈ្លូស ដោយប្រើដំបងជ្រុង ខណៈសត្វឈ្លូសនោះ កំពុងហែលទឹកទៅរកដីគោក គឺជាអំពើមិនគប្បី ដោយខ្វះសីលធម៌ និងអគតិ ដែលវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម។
ពាក់ព័ន្ធករណីនេះ លោកស្រី មិនបាននៅស្ងៀមឡើយ ដោយប្រកាសផ្ដល់រង្វាន់ទឹកចិត្ត៣លានរៀល ដល់អ្នកដែលបានផ្តល់ព័ត៌មានពីអត្តសញ្ញាញនៃជនប្រព្រឹត្តបទល្មើស។ អភិបាលខេត្តរូបនេះ ក៏ធានារក្សាទុកជាការសម្ងាត់ ដល់បុគ្គលដែលផ្ដល់ព័ត៌មាននោះផងដែរ។
ជាមួយគ្នានេះ លោកស្រី បានទទូចឱ្យសាធារណជន ជាពិសេសអ្នកដែលស្ថិតក្នុងហេតុការណ៍ ឱ្យចូលរួមសហការជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។
សត្វឈ្លូស ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះ មាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេស ចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ បើទោះមិនមានទិន្នន័យច្បាស់លាស់ តែអ្នកជំនាញថា ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ ដោយឡែក ប្រទេសកម្ពុជា សត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែង តែមិនអាចប៉ាន់ស្មានដឹងចំនួនពិតប្រាកដឡើយ។
ក្រោយឃើញសកម្មភាពនូវវីដេអូ ជនសង្ស័យវ៉ៃសម្លាប់សត្វឈ្លូស កំពុងត្រដរ ដើម្បីរស់ មានគេបង្ហោះ Facebook ថា៖ «ធ្លាប់តែឮគេនិយាយថា ចុះទឹកក្រពើ ឡើងលើខ្លា តែនេះ នៅក្នុងទឹកខ្លាចក្រពើ ឡើងលើជួបមនុស្ស ។ កូនក្តាន់/ឈ្លូស កម្សត់ស្វែងរកទីទួលតែបានជួបមនុស្សចិត្តអប្រិយ ប្រល័យឥតមេត្តា។ ទីតាំងឆ្នេរកុកហាវ សមុទ្រខេត្តកោះកុង (មិនដឹងពេលវេលា)។»
លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបង្ហោះថា ៖ «ប្រហែលមកពីចាស់ ? ថ្ងៃនេះបាត់អារម្មណ៍ល្អ ពេលឃើញខ្មែរយើងវាយសម្លាប់ឈ្លូសដែលខំហែលទឹកមករករស់ ខុសពីរូបមុនដែលឃើញបងប្អូននៅជាយក្រុងភ្នំពេញនាំគ្នាស្ទាក់ចរាចរណ៍ដើម្បីអោយពស់ថ្លាន់មួយឆ្លងផុតផ្លូវ !»។
អ្នកខ្លះបង្ហោះថា៖ «សូមមហាជនទាំងអស់ប្រែក្លាយឧបទ្ទវហេតុឈ្លូសត្រូវបុរសម្នាក់វាយសម្លាប់នៅខេត្តកោះកុង មកជាស្មារតីយល់ដឹងពីសត្វព្រៃ និងនាំគ្នាឈប់ និងបញ្ឈប់ការបរិភោគនិងជួញដូរសាច់សត្វព្រៃទាំងអស់គ្នា ។ សូមនាំគ្នារាយការណ៍ទៅសមត្ថកិច្ចពេលដែលអ្នកឃើញគេលក់សាច់សត្វព្រៃ ។ សូមកុំថ្កោលទោសតែបុរសម្នាក់នៅខេត្តកោះកុង រួចហើយក៏ស្ងាត់ឈឹង លែងអើពើនឹងអំពើលក់ដូរសាច់សត្វព្រៃនៅទីកន្លែងនានា ។ អរគុណ !»។
ថ្នាក់ដឹកនាំមួយរូបនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប្រកាសផ្តល់ប្រាក់ចំនួន ២លានរៀល ស្មើនឹង៥០០ដុល្លារ ដល់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ។ លោកបានសរសេរថា៖ «ខ្ញុំជូនរង្វាន់២លានរៀលឬ៥០០ដុល្លារដល់ជនណាដែលរកមុខជនដៃដល់សម្លាប់សត្វព្រៃនេះយកមកផ្តន្ទាទោសតាមច្បាប់។
សួស្តីថ្ងៃអង្គារ៕»
ករណីនេះបានកើតឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចឆ្នេរកុកហាវ ក្នុងឃុំកោះស្តេច ស្រុក បទុមសាគរ ខេត្តកោះកុង។
កាលពីម្សិលមុិញ អភិបាលស្រុក បទុមសាគរ សន្យាព្យាយាម ឃាត់ខ្លួនជនសង្ស័យអោយបាន ហើយលោកបានប្រកាសផ្តល់រង្វាន់ដល់អ្នកផ្តល់ព័ត៌មាន ឈានដល់ឃាត់ខ្លួនជនសង្ស័យបានផងដែរ ៕
ដោយ ៖ សហការី