ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោបានលើកឡើងជាសំណើរសំណូមពរជាច្រើនពាក់ព័ន្ធទៅនឹងការស្នើសូមឱ្យអាជ្ញាធរជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី សូមដោះស្រាយការលិចលង់លំនៅដ្ឋានជាមួយនិងការសុំស្ថាបនាផ្លូវលូ ប្រឡាយផងដែរ ។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅ ខណ្ឌដង្កោ នៅថ្ងៃអង្គារ២រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនិងថ្ងៃទី
៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណសាលាខណ្ឌដង្កោ។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ធ្វើការស្រាយបំភ្លឺនិងដោះ ស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងបានរួចរាល់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើក ឡើងថា ចំពោះការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនៅក្នុងបឹងតាម៉ាតនោះ គឺដោយសារម្ចាស់បុរី
តាម៉ាតនោះ ចាក់ដីលុបរណ្តៅដីបឹងតាម៉ាត នោះមិនបានខ្ពស់ ហើយសាងសង់ផ្ទះ ពោលគឺការ៉ូក្នុងផ្ទះប្រជាពលរដ្ឋ បើធៀបជាមួយកំពស់ទឹកនៅប្រឡាយភូមិម័រ ទៀបជាងកន្លះម៉ែត្រឯណោះ ហេតុនេះហើយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺជៀសមិនផុតពីការលិចលង់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនិងមន្ទីរនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដោយយើងនឹងដាក់ឡានបូមទឹក១គ្រឿងដែលមានម៉ាស៊ីនបូមទឹក៦ ដើម្បីបួមទឹកចេញពីលំនៅដ្ឋានរបស់បងប្អូន ។
លោកបន្តថា ជុំវិញការដោះស្រាយនូវការលិចលង់នេះដែរ សម្រាប់រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានជំរុញ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយធ្វើយ៉ាងណាកុំឱ្យ មានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញទៀត ។ ចំពោះការងារនេះក្រុមការ ងារ នឹងប្រើប្រាស់រយៈពេលឆ្នាំ ៥ឆ្នាំ ហើយក្រោយរយៈពេល៥ឆ្នាំរាជធានីភ្នំពេញ នឹងមិនមានការលិចលង់ទៀតទេ។
លោក មាន ចាន់យ៉ាដា ក៏បានមានប្រសាសន៍លើកឡើងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីទំហំ៥ហិចតាស្មើនឹងជាង២០០គ្រួសារ លោកស្នើសុំឱ្យ ប្រជាពល រដ្ឋ ត្រូវពឹងពាក់មកលើអាជ្ញាធរ សង្កាត់
ខណ្ឌនិងរាជធានី ដើម្បីដោះស្រាយ កុំពាក់ព័ន្ធជាមួយសង្គមស៊ីវិលដែលវានឹងធ្វើឱ្យការដោះស្រាយកាន់តែពិបាកនិងវែងឆ្ងាយ។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ផងដែរថា នៅក្នុងវេទិកានេះ មានបងប្អូនប្រជាពលរដ្ឋបានស្នើឡើងនិងសំណូមពរផ្ទាល់មាត់ចំនួន១០នាក់ស្មើនឹង ១៨បញ្ហា ជាលាយលក្ខណ៍អក្សរចំនួន៥៩ច្បាប់ ហើយចំពោះ ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនោះបានធ្វើការដោះស្រាយជាបន្តបន្ទាប់។លោកមាន ចាន់យ៉ាដា ក៏បានជំរុញឱ្យ កងកម្លាំងក៏ដូចជាអាជ្ញាធរ ទទួលបានសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ពង្រឹងការផ្ដល់សេវា ជូនប្រជាពលរដ្ឋឱ្យ កាន់តែលឿនឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈច្រកចេ ញចូលតែមួយ ។ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ និងត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើយ៉ាងណាឱ្យពលរដ្ឋចូលរួមសហការជាមួយយើង នោះការងាររបស់យើងពិតជាទទួល បាននូវភាពជោគជ័យជាក់ជាមិនខាន។
លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើ របស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធា រណៈជាដើម ។
លោកបន្តថា សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ យើងបានដាក់ចេ ញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋឱ្យ បានដឹងបានឭ និងឃើញតាមរយៈរបាយការណ៍ដែល បានចែកជូននៅក្នុងវេទិកានេះហើយដែរ៕ ដោយ៖ សំរិត