សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អវកាសយានិកចិន៣នាក់ បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ ដោយសុវត្ថិភាព បន្ទាប់ពីចំណាយពេល៥ខែ ស្នាក់នៅលើស្ថានីយអវកាសចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិក លោក Jing Haipeng, លោក Zhu Yangzhu និងលោក Gui Haichao បានមកដល់ទីតាំងចុះចត Dongfeng កាលពីវេលាម៉ោង៨៖១១នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់វាលខ្សាច់ Gobi ភាគខាងជើងប្រទេសចិន។ CCTV បានរាយការណ៍ថា ស្ថានភាពសុខភាពរបស់អវកាសយានិកចិនទាំង៣រូប គឺល្អប្រសើរជាធម្មតា ហើយបេសកកម្ម Shenzhou-16 គឺជាបេសកកម្មទទួលបានជោគជ័យទាំងស្រុង។
អ្នកទាំង៣បានធ្វើដំណើរឡើងទៅកាន់ស្ថានីយអវកាស Tiangong ដែលជារបស់ប្រទេសចិនផ្ទាល់ កាលពីចុងខែឧសភា ហើយបានស្នាក់នៅទីនោះ អស់រយៈពេល១៥៤ថ្ងៃ។ អវកាសយានិកទាំង៣ បានធ្វើការស្រាវជ្រាវវិទ្យាសាស្រ្តផ្សេងៗនៅក្នុងស្ថានីយ ហើយក៏បានចេញបណ្តែតខ្លួនជាច្រើនម៉ោង ដើម្បីបំពេញការងារនៅខាងក្រៅស្ថានីយថែមទៀតផង។ កាលពីសប្តាហ៍មុន ចិនបានបញ្ជូនអវកាសយានិក៣នាក់ថ្មី ដើម្បីឡើងផ្លាស់វេនស្នាក់នៅក្នុងស្ថានីយ Tiangong តាមរយៈបេសកកម្ម Shenzhou-17។
ទីក្រុងប៉េកាំងបានពន្លឿនផែនការដើម្បីក្លាយជាមហាអំណាចអវកាសធំមួយ ចាប់តាំងតែពីប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានឡើងកាន់អំណាច កាលពីជាង១ទសវត្សរ៍មុនមក។ ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២មួយនេះ បានវិនិយោគថវិការាប់ពាន់លានដុល្លារ ទៅក្នុងកម្មវិធីវិស័យអវកាសរបស់ខ្លួន ដើម្បីដើរឱ្យទាន់សហរដ្ឋអាមេរិកក៏ដូចជារុស្ស៉ី។ ដោយឡែក ចិនក៏មានគោលដៅផងដែរ ក្នុងការបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទនៅត្រឹមឆ្នាំ២០៣០ ហើយបន្ទាប់មកទៀត នឹងកសាងមូលដ្ឋានមួយនៅទីនោះ៕
រូបថត: NDO