សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ បានដកស្រង់សំដី អ្នកនាំពាក្យរបស់យោធាអ៉ីស្រាអែល លោក Jonathan Conricus បានឲ្យដឹងក្នុងសន្និសីទមួយថា ជនស៉ីវិលប៉ាឡេស្ទីនច្រើនជាង ៨០០,០០០នាក់ បានចាកចេញពីភាគខាងជើងតំបន់ Gaza ហើយ។
លោក Conricus បានកត់សម្គាល់ថា «យើងសប្បាយចិត្តដែលបានឃើញមនុស្សជាង ៨០ម៉ឺននាក់ជម្លៀសខ្លួនចេញពីភាគខាងជើង»។ លោក Conricus បានបន្ថែមថា «ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ Gaza នៅតែបន្តឆ្លងកាត់តាមច្រកព្រំដែន Rafah ហើយមានអាហារ និងទឹក នៅក្នុងទីតាំងភាគខាងត្បូងនៃតំបន់នោះ។ យើងនឹងបង្កើនការសម្របសម្រួលលើការផ្តល់ជំនួយបន្ថែមទៀត នៅថ្ងៃខាងមុខ»។
កាលពីថ្ងៃទី១៣ ខែតុលា អ៉ីស្រាអែលបានជូនដំណឹងដល់អង្គការសហប្រជាជាតិ (UN) ថា ប្រជាជនប៉ាឡេស្ទីនចំនួន ១.១លាននាក់ គួរតែផ្លាស់ទីលំនៅទៅកាន់ភាគខាងត្បូងនៃតំបន់ Gaza ក្នុងរយៈពេល ២៤ម៉ោង។ កងទ័ពអ៉ីស្រាអែលពន្យល់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសកំពុងលាក់ខ្លួនក្នុងផ្លូវរូងក្រោមដី នៅពីក្រោមអគារជនដែលជនស៉ីវិលរស់នៅ។ យ៉ាងនេះក្តី ក្រុមហាម៉ាសបានជំរុញដល់ប្រជាជននៅតំបន់ Gaza កុំអើពើនឹងការអំពាវនាវរបស់អ៉ីស្រាអែល ហើយស្នើ UN ចាត់វិធានការ ដើម្បីការពារប្រជាជនពីការបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ៕
រូបថត: Reuters