ភ្នំពេញ ៖ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គនឹងស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី១៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរនាពេលឆាប់ៗនេះ តបតាមការសូមយាងរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ។
សូមបញ្ជាក់ថា៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោក ចាកកេស ផាលេត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមប្រភព ទទក ។
លោកឯកអគ្គរដ្ឋទូត បានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែ នឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ ត្រជាក់ ត្រជុំ ចម្រុងចម្រើន ដល់ជនរួមជាតិ ជាបងប្អូន កូនចៅរបស់ព្រះអង្គជា ដរាបតរៀងទៅ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកឯកអគ្គរដ្ឋទូតបារាំង បានទូលថ្វាយអំពីការយាងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី១៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ តបតាមសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាពេលឆាប់ៗខាងមុខនេះ។
មានព្រះរាជឱង្ការសំណេះសំណាលក្នុងឪកាសដ៏ប្រពៃនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យសោមនស្សរីករាយចំពោះព្រះរាជទស្សនកិច្ចនេះ ដោយបានបង្ហាញអំពីព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជកិច្ចលើកតម្កើងវិស័យវប្បធម៌ ដ៏រុងរឿងរបស់ជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យបិតិសោមនស្សក្រៃលែង ចំពោះភាពរីកចម្រើនថ្កុំថ្កើងនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាស្រ័យដោយ ព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងការខិតខំប្រកបដោយភាពឈ្លាសវៃប៉ុនប្រសប់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ ហ្សាល ឌឺហ្គោល និងថ្នាក់ដឹកនាំកំពូលបារាំងក្នុងជំនាន់មុនៗ។ ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ មានភាពត្រចះត្រចង់ រហូតដល់សម័យកាលបច្ចុប្បន្ន អាស្រ័យដោយព្រះរាជតម្រិះដ៏ថ្លៃថ្លាររបស់ព្រះករុណាជាអម្ចាស់ជីវិតិលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការខិតខំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រពៃ ដែលមានរយៈពេលជាយូលុងរវាងកម្ពុជា-បារាំង កាន់តែទទួលបាននូវភាពចម្រើនលូតលាស់ យ៉ាងស្រស់បំព្រង និងស្និតស្នាលនៅគ្រប់ពេលវេលា។
ការយាងបំពេញព្រះរាជទស្សនកិច្ចដ៏ឧត្តុងឧត្តមបំផុតនៅសាធារណរដ្ឋបារាំង ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី១៤ ស្តីអំពីរមនីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ គឺជាការយាងចូលរួម ក្នុងព្រះរាជហឬទ័យ កោតសរសើរ យ៉ាងកក់ក្តៅបំផុត ចំពោះសេចក្តីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំរួមសហប្រតិបត្តិការល្អ ជាមួយគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ហៅកាត់ថា ICCអង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន រួមជាមួយនិងការគាំទ្រយ៉ាងសកម្មពីអង្កការយូណេស្តូ ក្នុងការជួសជុលកែលំអ ប្រាង្គប្រាសាទ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាវប្បធម៌ជាតិខ្មែរ ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងការដាក់បញ្ចូលប្រាង្គប្រាសាទក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីក្នុងខែធ្នូ ឆ្នាំ ១៩៩២ នោះមក ៕
ដោយ ៖ សហការី