ភ្នំពេញ៖ ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ បានបញ្ជាក់ថា នៅក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំ មានហឫទ័យរីករាយដោយបានចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដើម្បីប្រារព្ធ “ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចន ប្រាសាទអង្គរវត្ត” ខេត្តសៀមរាបដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ។
ជាបឋម ខ្ញុំ សូមនាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកដ៏ជ្រាល ជ្រៅបំផុត និងព្រះពរជ័យមហាប្រសើរអំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមាននៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ។
ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិ អប្សរា ដែលបានរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដ៏ល្អប្រសើរ បានមកពីសកម្ម ភាពការងារយ៉ាងសកម្ម អនុវត្តន៍តាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងរបាយការណ៍បានបញ្ជាក់អំពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ដែលបាន ចូលរួមចំណែកយ៉ាងច្រើនក្នុងការជួសជុល ថែរក្សាស្ពានហាលខាងលិចនៃប្រាសាទ អង្គរវត្ត ។
ទន្ទឹមនេះ ខ្ញុំរីករាយដោយបានស្តាប់នូវរបាយការណ៍របស់លោកសាស្ត្រាចារ្យ យ៉ូស៊ី អាគី អ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសុន្ទរកថារបស់ឯកឧត្តម អូហ្គូស្ទីន សាលី អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែង និង មានសហប្រតិបត្តិការល្អប្រសើរ បានធ្វើការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចន ប្រាសាទអង្គរវត្តឱ្យមានភាពរឹងមាំឡើងវិញ ដើម្បីថែរក្សាទុកជាកេរដំណែលជារៀងរហូត និងដ៏មានតម្លៃរបស់វប្បធម៌ខ្មែរនាសម័យមហានគរដ៏រុងរឿង។ ជាសច្ចធម៌ប្រាសាទអង្គរវត្ត ជាសក្ខីភាព នៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោកចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិត ដល់កំពូលនៃមនុស្សជាតិផង ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ ជាទីមេត្រី
ក្រុមការងារបេសកកម្មសាកលវិទ្យាល័យសូហ្វីយ៉ា ដែលជាស្ថាប័នជំនាញជប៉ុន ក្រោម ការដឹកនាំរបស់លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សា ស្រាវជ្រាវ និងបណ្ដុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា បានមកបំពេញ ការងារពាក់ព័ន្ធនឹងរមណីយដ្ឋានអង្គរ តាំងពីអំឡុងឆ្នាំ១៩៨៩ មុនការផ្តួចផ្តើមគំនិតដោយ រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតអាយស៊ីស៊ី(ICC)អង្គរ នាឆ្នាំ១៩៩៣មកម្ល៉េះ។ ចាប់ផ្ដើមការងារ ដំបូងផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ផ្នែកបេតិកភណ្ឌវប្បធម៌នៃកម្ពុជា នៅសាកល វិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ និងជាបន្តបន្ទាប់បានចូលរួមដឹកនាំបំពេញការងារបណ្តុះ បណ្តាល និងអភិរក្សដោយផ្ទាល់ជាមួយអ្នកជំនាញកម្ពុជា នៅលើការដ្ឋាននានានៃរមណីយដ្ឋាន អង្គរ រួមទាំងការស្ថាបនាសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ កាលពីឆ្នាំ២០០៧ ផងដែរ ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ ជាទីមេត្រី
ការប្រារព្ធព្រះរាជពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចន ប្រាសាទអង្គរវត្ត” នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ ខ្ពស់នៃមហាវីរក្សត សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិ សាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣ ។ កិច្ចដំណើរ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេស ប្រទេសជប៉ុន ។
ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជា ថ្នាក់ដឹកនាំប្រទេសជាច្រើនមាន ព្រះមហាក្សត្រ-ប្រមុខរដ្ឋ-ប្រធានាធិបតី យាងនិងអញ្ជើញីមក ទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សា ជាតិជាន់ខ្ពស់នៃកម្ពុជា(SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនា ប្រាសាទអង្គរវត្តយើងនេះដែរ ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។
ខ្ញុំ សូមយកឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះ ដើម្បីថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើន ផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅ លើពិភពលោក ។
ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោល នយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បាន ដឹកនាំកិច្ចប្រជុំពេញអង្គ និង់កិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី(CC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនអាយស៊ីស៊ី (ICC) អង្គរ ។
ខ្ញុំ ក៏សូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវការ គាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុង រមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួម សម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើ ពិភពលោកបានជ្រួតជ្រាប ។
ក្នុងន័យនេះ ខ្ញុំ សូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុង វិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ន នានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត ន យន្តការអាយស៊ីស៊ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុង ឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណ វិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់ វិស័យ បេតិកភណ្ឌវប្បធម៌ ។
មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវអំណរគុណជាថ្មីម្ដងទៀតដល់ បណ្តាប្រទេសជាមិត្ត អ្នកជំនាញការជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នា ដើម្បីរក្សាតម្លៃលេចធ្លោ ជាសកលរបស់រមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោកឱ្យគង់វង្ស។ ។
ខ្ញុំ សង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាត ឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗ ទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។
ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទ អង្គរវត្តនៃរមណីយដ្ឋានអង្គរនេះ សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសគ្រប់រូប សូមមានសុខភាពល្អបរិបូរណ៍ បានជោគជ័យ ក្នុងភារកិច្ចដ៏ឧត្តមរបស់ខ្លួន ព្រមទាំងព្រះពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕ ដោយ៖សហការី