ការប្រកួតក្របខ័ណ្ឌ Ligue 1 រវាងក្រុម Olympique de Marseille នឹងក្រុម Olympique Lyonnais ត្រូវបានកំណត់ពេលឡើងវិញនៅថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែការវាយប្រហារលើរថយន្តក្រុងរបស់ក្រុម Lyon។ នេះបើយោងតាមសេចក្តីប្រកាសរបស់លីកបារាំង (LFP) កាលពីថ្ងៃសុក្រ ទី៣ វិច្ឆិកា។
ដុំថ្ម និងដបស្រាបៀរត្រូវបានគប់នៅលើឡានក្រុងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលក្រុមបានធ្វើដំណើរទៅកាន់កីឡដ្ឋានStade Velodrome របស់ក្លិប Marseille ដោយបានធ្វើឱ្យគ្រូបង្វឹកក្រុម Lyon លោក Fabio Grosso និងជំនួយការរបស់គាត់លោក Raffaele Longo រងរបួស។
លោក Grosso ដែលជាម្ចាស់ជើងឯក World Cup ជាមួយអ៊ីតាលីក្នុងឆ្នាំ២០០៦ បានរងរបួសផ្ទៃមុខដែលតម្រូវឱ្យដេររាប់សិបថ្នេរ។LFP មិនបានបញ្ជាក់ពីទីកន្លែងសម្រាប់ការប្រកួតដែលបានកំណត់ពេលឡើងវិញនោះទេ។
បច្ចុប្បន្នក្រុម Lyon ស្ថិត នៅ បាត តារាង Ligue 1 ដោយ មាន៣ ពិន្ទុ បន្ទាប់ ពី ការ ប្រកួត ចំនួន៩លើក។ រីឯក្រុម Marseille ស្ថិតនៅ លេខ ៩ មាន ១២ ពិន្ទុ ៕ (រូបភាព ៖ Reuters/CNA)