ភ្នំពេញ ៖ ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនជាច្រេីនកញ្ចប់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខណ្ឌតាកែវ បានធ្វេីការចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីម្សិលមិញថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២៣ម៉ោង១៤និង៣០នាទី នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការនេះ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ បានចុះបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ឈ្មោះ យ៉េ សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1BK-8368។
បន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើរួច លោកអធិការបានសុំយោបល់លោកឧត្តមសេនីយ៍ទោស្នងការនិងឯកឧត្តមព្រះរាជអាជ្ញាដើម្បីបន្តនីតិវិធី ក្រោយមកកម្លាំងជំនាញបានបន្តចុះទៅដល់ទីតាំងដែលជនសង្ស័យបានទិញថ្នាំញៀនគឺជាផ្ទះរបស់ឈ្មោះ ទឺ សារៈ ហៅណេង ភេទប្រុស តែឈ្មោះ ទឺ សារៈ បានគេចខ្លួនបាត់ ទេីបកម្លាំងជំនាញបានធ្វើការឆែកឆេរ និងបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤១កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
បន្ទាប់មកទៀតកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ