ភ្នំពេញ៖ បើយោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញថា៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានប្រមាណជាង ១៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសំខាន់ៗចំនួន ២០។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានចំនួនច្រើនជាងគេ ចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២៣ ពោលគឺមានទំហំប្រមាណ ៧,៤ពាន់លានដុល្លារ មានការថយចុះ ១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួន ៧,៦ពាន់លានដុល្លារអាមេរិក។
បន្ទាប់ពីសហរដ្ឋអាមេរិក វៀតណាម ឈរលេខរៀងទី២ ទទួលទិញទំនិញពីកម្ពុជា ប្រមាណ ២,២ពាន់លានដុល្លារ កើនឡើងជិត ៤០ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ១,៦ពាន់លានដុល្លារ។ ចំណែកប្រទេសចិន ធ្លាក់មកលេខរៀងទី៣ ដែលកម្ពុជានាំចេញទំនិញសម្រេចបាន ១,១៧ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៩៩៧លានដុល្លារ។
ដោយឡែកការនាំចេញទៅប្រទេសជប៉ុន សម្រេចបាន ៩៧៤លានដុល្លារ, នាំចេញទៅប្រទេសអង់គ្លេសមានទំហំជាង ៦៥៥លានដុល្លារ និងប្រទេសផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូម ជាដើម។
តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏បានជំរុញទំហំនៃការនាំចេញរបស់កម្ពុជាទៅកូរ៉េ នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។
គួរជម្រាបថា កម្ពុជា កាលពីឆ្នាំ២០២២កន្លងទៅ បាននាំទំនិញទៅទីផ្សារអន្តរជាតិ មានចំនួនទឹកប្រាក់ ២២ ៤៨២,៩៣៧ លានដុល្លារ កើនឡើង ១៦,៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិ ២៩ ៩៤១,៦០ លានដុល្លារ កើនឡើង ៤,៣ ភាគរយ៕ដោយ៖សហការី