ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើង១០នាក់ដែលតែងតែជិះម៉ូតូធ្វើសកម្មភាពដើរកាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវនិងកន្លែងសួន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងធ្វើការបង្ហាញមុខក្រុមក្មេងទំនើងទាំងនេះ ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់មក ។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានបង្ហាញមុខក្រុមក្មេងទំនើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយឯក ពេជ្រ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយមុនពេលធ្វើសកម្មភាពក្រុមក្មេងទំនើងទាំងនេះបានណាត់ជួបគ្នា រួចហើយទើបជិះម៉ូតូពីក្រុងកំពង់ឆ្នាំងតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរង្វង់មូលស្រ្តីស្មូនឆ្នាំង។ ពេលទៅដល់ក៏ឃើញជនរងគ្រោះ២នាក់ជិះម៉ូតូក៏បានទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសជាទម្ងន់។ ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូតាមផ្លូវវាងក្រុងសំដៅមករង្វង់មូលឆ្នាំងថ្មី ហើយបានឃើញយុវជនម្នាក់ទៀតកំពុងអង្គុយលើម៉ូតូ ក៏បានចុះធ្វើសកម្មភាពដេញកាប់តែម្តង តែជនរងគ្រោះឃើញទាន់ក៏បានរត់ចោលម៉ូតូ ។ ពេលនោះក្រុមក្មេងទំនើងឃើញជនរងគ្រោះរត់ចោលម៉ូតូ ក៏យកដាវកាប់ទៅលើម៉ូតូនិងកាប់ផ្តាច់ស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់តែម្តង ។
លោកវរសេនីយឯក ពេជ្រ សុឃឿប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវនិងតាមឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់យកមកស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធី ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះប្រាកដមែន ហើយចំពោះការកាប់ទៅលើជនរងគ្រោះពុំមានគំនុំអីនឹងគ្នានោះទេ គឺពួកគេកាប់ដើម្បីកាត់សាញតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្រុមក្មេងទំនើងនេះតែងតែបានធ្វើសកម្មភាពបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជាខ្លាំង ទាំងសន្តិសុខនិងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវនិងបង្រ្កាបនាពេលនេះ ៕ដោយ៖ ចន្ថា