អាវចំនួន៦ក្នុងចំណោមអាវដែលពាក់ដោយខ្សែប្រយុទ្ធឆ្នើម Lionel Messi អំឡុងពេលយុទ្ធនាការឈ្នះពាន World Cup របស់ប្រទេសអាហ្សង់ទីននឹងត្រូវលក់ដេញថ្លៃ។
ប្រធានក្រុមជម្រើសជាតិ Messi វ័យ៣៦ឆ្នាំបានលើកពានខាងលើ បន្ទាប់ពីពួកគេបានផ្តួលបារាំងដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែធ្នូមុននៅប្រទេសកាតា។
អាវរបស់គាត់ពីវគ្គផ្តាច់ព្រ័ត្រត្រូវបានដាក់បញ្ចូលក្នុងឈុតចំនួន៦ដែលត្រូវបានគេរំពឹងថា នឹងប្រមូលបានច្រើនជាង៨លានផោនក្នុងការដេញថ្លៃដែលរៀបចំដោយ Sotheby’s ក្នុងទីក្រុងញូវយ៉ក។
ឯតទគ្គកម្មសម្រាប់អាវកីឡាដែលពាក់សម្រាប់ការប្រកួតគឺជាអាវ NBA Finals កាលពីឆ្នាំ១៩៩៨ របស់កីឡាករបាល់បោះ Michael Jordan ដែលលក់ក្នុងតម្លៃ៨.៨លានផោនក្នុងឆ្នាំ២០២២។
លោក Brahm Wachter ដែលជាប្រធានផ្នែកប្រមូលទិញទំនើបរបស់ Sotheby បាននិយាយថា ការលក់អាវទាំង៦របស់ Messi ឈរជាឱកាសដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តដេញថ្លៃ។
លោក Wachter បានបន្ថែមថា “ការប្រកួត FIFA World Cup ឆ្នាំ២០២២គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកីឡា ដោយភ្ជាប់ទំនាក់ទំនងខាងក្នុងទៅនឹងដំណើរដ៏អង់អាចរបស់ Messi និងបានកំណត់យ៉ាងរឹងមាំនូវឋានៈរបស់គាត់ជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេល“។
អាវរបស់ Messi ត្រូវបានលក់ក្នុងតម្លៃ១០.១លានដុល្លារកាលពីឆ្នាំមុន។ ការដេញថ្លៃបានកត់សម្គាល់កាន់តែច្រើនឡើងនូវវត្ថុអនុស្សាវរីយ៍កីឡាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលចាត់ទុកថាជាទីផ្សារដែលកំពុងរីកចម្រើន។
អាវកំពុងត្រូវបាននាំយកទៅដេញថ្លៃដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក AC Momento ដែលជួយអត្តពលិកគ្រប់គ្រងការប្រមូលវត្ថុអនុស្សាវរីយ៍។ ផ្នែកមួយនៃប្រាក់ចំណូលនឹងត្រូវបានបរិច្ចាគទៅគម្រោង UNICAS ដែលជាគំនិតផ្តួចផ្តើមជាមួយមន្ទីរពេទ្យកុមារBarcelona ដែលជួយកុមារដែលមានជំងឺកម្រ។
អាវ នេះ នឹង មាន ដាក់ ឱ្យ ទស្សនា ជា សាធារណៈ ដោយ ឥត គិត ថ្លៃ នៅ ពេល ដែល ពួក គេ ដាក់ ដេញ ថ្លៃ ចាប់ ពី ថ្ងៃ ទី៣០ខែ វិច្ឆិកា ដល់ ថ្ងៃ ទី១៤ ខែ ធ្នូ ឆ្នាំ២០២៣ខាងមុខ ៕ (រូបភាព ៖ BBC Sport)