ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ការចាត់វិធានការទប់ស្កាត់ការនាំចូលឧបករណ៍ដែលស៊ីភ្លើងច្រើន ដើម្បីរួមចំណែកគ្រប់គ្រងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ក្នុងវេទិកាពិភាក្សាក្លិបអ្នកកាសែតកម្ពុជាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅសណ្ឋាគារសុខាភ្នំពេញ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរូបនេះ បានបង្ហាញពីផែនការក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីដោយទប់ស្កាត់ការនាំចូលឧបករណ៍អគ្គិសនីដែលស៊ីភ្លើងច្រើនមកទីផ្សារក្នុងស្រុក។ លោក បន្តថា រដ្ឋាភិបាលបានដាក់ផែនការឆ្នាំ ២០២៣ ទៅ ២០៣០ កាត់បន្ថយការប្រើប្រាស់អគ្គិសនីប្រហែលឲ្យបាន ១៩ % ស្មើ ២០០០ មេហ្គាវ៉ាត់។ ការទប់ស្កាត់បានជោគជ័យអាចធ្វើឲ្យកម្ពុជាមិនបាច់បង្កើតរោងចក្រថ្មីផលិតថាមពលថ្មី បន្ថែមចំនួន ២០០០ មេហ្គាវ៉ាត់ ដែលនឹងចូលរួមកិច្ចការពារបរិស្ថាន។
ក្រៅពីលើកពីគម្រោងការហាមឃាត់ការនាំចូលឧបករណ៍ដែលស៊ីភ្លើងច្រើន លោករដ្ឋមន្រ្តី ក៏ចង់ឱ្យពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃ ដើម្បីចូលរួមចំណែកសម្រេចបានគោលដៅការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាត់ទុក នេះជាលើកទី១ ដែល ក.អ.ក ទទួលបានការគាំទ្រពីក្រសួងរ៉ែ និងថាមពល រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យរ៉ែ និងថាមពលនៅកម្ពុជា ដែលជាវិស័យគន្លឹះយ៉ាង សំខាន់សម្រាប់ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា។
គោលបំណងនៃការរៀបចំវេទិកាពិភាក្សា ដើម្បីជួយអ្នកសារព័ត៌មានបានស្វែងយល់បន្ថែមអំពីបច្ចុប្បន្ន ភាពរួមទាំងស្ថានភាពទូទៅនៃវិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពលប្រកប ដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកលសម្រាប់វិស័យជាអទិភាពនេះ។ ទន្ទឹមនោះគោលការណ៍ឧបត្ថម្ភ ធន (ការចេញខាត) ដើម្បីរួមចំណែកការលំបាករបស់ផ្នែកឯកជនពាក់ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នឹងត្រូវលើកយកមកបង្ហាញនៅក្នុងវេទិកាពិភាក្សា នេះផងដែរ៕ដោយ៖រ៉ារ៉ា