រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Philip Robinson

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Philip Robinson នាយកមូលនិធិគន្ធបុប្ផាស្វីស នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានសហការ និងគាំទ្រមន្ទីពេទ្យគន្ធបុប្ផា ជាពិសេសចំពោះ លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២ និងផ្តល់ការគាំទ្រដល់ការដំណើរការមន្ទីរពេទ្យនេះ តាមរយៈការទ្រទ្រង់​ប្រព័ន្ធព្យាបាលសុខភាពដល់កុមារកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបជាបន្តបន្ទាប់រហូតមក ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ រយៈពេល ៣០ឆ្នាំ កន្លងមកនេះ។

លោកវេជ្ជបណ្ឌិត Philip Robinson នាយកមូលនិធិគន្ធបុប្ផាស្វីស បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកឡើងអំពីសមិទ្ធិផលរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ លោកនាយកមូលនិធិគន្ធបុប្ផាស្វីស បានជម្រាបជូនថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ​ មូលនិធិ ចាប់ផ្តើមគិតគូរអំពីការតម្រង់ទិសដៅ និងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ដូចជាលោកនាយកមូលនិធិ គឺជាអ្នកទទួលខុសត្រូវមូលនិធិជំនាន់ទី៣ ដែលមានតួនាទីក្នុងការស្វែងរកអ្នកសប្បុរសជនជួយគាំទ្រទ្រទ្រង់មូលនិធិឱ្យមានរយៈយូរអង្វែងជាបន្តទៀត។ មូលនិធិគន្ធបុប្ផាស្វីស ប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបាន និងកំពុងរៀបចំគម្រោងការផ្សេងៗដើមី្បអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាតទៅទៀត ដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេទ្យសាកលវិទ្យាល័យ ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជាប្រចាំ។ 

 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានបញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងស្វែងរកគម្រោងការនានាដើមី្បគាំទ្រមន្ទីរពេទ្យ ទាំងបច្ចេកទេស និងការដំណើរសេវាពិនិត្យ និងព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យ។ 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងគោរពថ្លែងអំណរគុណ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោម គំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា ការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រ និងគាំទ្រយ៉ាងពេញទំហឹងដោយបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរឈ្មោះជាប្រធានកិត្តិយសដែលជម្រុញឱ្យមូលនិធិទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស សំដៅធានាចីរភាពនៃចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព ចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារក​ និងកុមារ ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print