អាជ្ញាធរអេដស៍​ នឹងចុះចែកស្រោមអនាម័យ ១០ម៉ឺនស្រោមដល់កីឡាករអុំទូក ប្រជាពលរដ្ឋ​ ព្រមទាំងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ កាលពីរសៀលថ្ងៃទី ២៤ វិច្ឆិកាម្សិលមិញនេះថា៖ នៅក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុក និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ សហការជាមួយអង្គការជាដៃគូនានានឹងរៀបចំការប្រគុំតន្ត្រីមួយដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺអេដស៍នៅរមណីយដ្ឋានវត្តភ្នំរយៈពេល ៣ ថ្ងៃដោយមានការចូលរួមពីតារាចំរៀងល្បីៗ និងមានក្រុមការងារចុះចែកស្រោមអនាម័យដល់ប្រជាពលរដ្ឋ និងកីឡាករអុំទូកប្រមាណ១០ម៉ឺនស្រោម​ ព្រមទាំងមានការធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃផងដែរ។

លោកអគ្គលេខាធិការរូបនេះ​ បានថ្លែងបន្តថា​ យុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីវិធីសាស្ត្រការងារនិងរបៀបការចម្លងជំងឺអេដស៍ដើម្បីឱ្យពួកគាត់ចេះការពារខ្លួនកុំឱ្យឆ្លងជំងឺនេះព្រោះថា ជំងឺនេះនៅមិនទាន់ទៅណាទេគឺនៅក្បែរយើងទាំងអស់គ្នាប្រសិនបើយើងធ្វេសប្រហែស។

អាជ្ញាធរអេដស៍​រូបនេះ​ បានគូសបញ្ជាក់ថា «នៅក្នុងឱកាសបុណ្យអុំទូកសូមប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករដោយក្តីរីករាយ និងសូមការពារខ្លួនការពារកុំឱ្យឆ្លងជំងឺអេដស៍ត្រឡប់ទៅផ្ទះវិញពិសេសបងប្អូនកីឡាករយើងព្រោះថា អេដស៍នៅមិនទាន់ទៅណានៅឡើយទេនៅចាំយើងប្រសិនបើចង់ជួបគាត់នឹងជួបប៉ុន្តែបើសិនមិនចង់ជួបគាត់អាចការពារខ្លួនបានគឺត្រូវតបត្រូវស្មោះ​ស្ម័គ្រមួយទល់មួយស្នេហាប្តីមួយប្រពន្ធមួយប្រពន្ធចាំនៅផ្ទះត្រឡប់ទៅវិញដោយឥតមានប៉ះពាល់អីខាងក្រៅរួចខ្លួនហើយ។ប៉ុន្តែបើសិនជាអត់ទ្រាំមិនបានទេអីចឹងវិធីធំបំផុតគឺប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវព្រោះជាយ័នការអាចការពារការឆ្លងជំងឺអេដស៍»។​ លោកបន្ថែមថា​ ក្រៅពីស្រោមអនាម័យបងប្អូនក៏អាចប្រើសេវាប្រឹមសម្រាប់លេបការពារការឆ្លងជំងឺអេដស៍មុនពេលរួមភេទ។

ជាមួយគ្នានោះ​ នាយកប្រតិបត្តិអង្គការខាន់ណា​ លោក​ សុខ​ ជួបសំរើន បានឱ្យដឹងដែរថា​ « សូមចងចាំថាអេសដ៍អត់ទាន់ចប់នៅឡើយទេដូចនេះនៅពេលសង្ស័យផ្ទុកមេរោគអេដស៍ប្រញាប់ទៅធ្វើតេស្តឈាមមានធ្វើដោយខ្លួនឯងឬទៅធ្វើតេស្តនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក។ចំណែកសេវាប្រឹមមាននៅ៣៩ទៅតាំងនៅរាជធានីខេត្តចំនួន១៤ក្នុងនោះនៅរាជធានីភ្នំពេញមាន១២ទីតាំង។​ ចំណែកកន្លែងព្យាបាលវិញមាន៧២ទីតាំងនៅទូទាំងប្រទេស»។​ លោក​ បន្តថា​ អង្គការខាន់ណាក៏មានការចែកស្រោមអនាម័យប្រមាណ៦ម៉ឺនស្រោមផងដែរ។ 

ដោយឡែក​តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)​ លោក ស្រី វេជ្ជបណ្ឌិត នូ វណ្ណារី បានឱ្យដឹងថា​ នៅក្នុងឱកាសបុណ្យអុំទូកនេះដែរអង្គការAHFបានចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចែកអនាម័យប្រមាណ៤ម៉ឺនស្រោម មានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃនិងមានក្រុមការងារចល័តចុះផ្សព្វផ្សាយពីជំងឺអេដស៍ដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកផងដែរ។

លោកស្រីវេជ្ជបណ្ឌិត​ បានបន្តថាទន្ទឹមនឹងនេះAHF នឹងមានការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣  នៅវេលាម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក នៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។

គួរជម្រាបជូនថា​ ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹក ផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ព្រោះថាជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print