ខេត្តពោធិ៍សាត់ ៖ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកក្តិក ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា លោកបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងកងកម្លាំងថ្នាក់ជាតិឈរជើងប្រចាំការនៅបឹងទន្លេសាប ចុះល្បាតទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ប្រភេទឧបករណ៍កែច្នៃ(របាំងសាច់អួន)ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាងនិងចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិ(បឹងទន្លេសាប)វិញផងដែរ ។
លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ឱ្យដឹងទៀតថា ករណីល្បាត ស្រាវជ្រាវ និងបង្រ្កាបបទល្មើសនេសាទខាងលើបានប្រើប្រាស់កម្លាំងប្រមាណ៣០នាក់ មធ្យោបាយ(កាណូត)០៥គ្រឿង នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ម្ដុំអូរសែកដល់ក្អមសំណ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកបញ្ជាក់ទៀតថា លទ្ធផលគឺបានបំផ្លាញចោលនូវឧបករណ៍កែច្នៃ(របាំងសាច់អួន)ចំនួន១៧កន្លែង ស្មើនឹងចំនួន១៧ខ្សែ ដែលមានប្រវែងប្រមាណចំនួន២៨០០ម៉ែត្រ ក្បាលរបាំងសាច់អួន(បរ)ចំនួន៣២គ្រឿង បង្គោលចម្រឹងចំនួន២០០ដើម ថែមទាំងចាក់លែងត្រីល្អិតៗចម្រុះចំនួន១៥០គីឡូក្រាមផងដែរ ។ លោក បញ្ជាក់បន្ថែមទៀតថា ករណីបង្រ្កាបខាងលើ ចប់ពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ ក្រុមរបស់លោកនឹងបន្តចុះបង្រ្កាបតទៅទៀត ។
ប្រភពផ្សេងៗលើកឡើងស្រដៀងៗគ្នាថា ទោះជាសមត្ថកិច្ចបង្រ្កាបបែបនេះក្ដី ក៏បទល្មើសនេសាទមិនថមថយនៅឡើយនោះទេ។ ឧបករណ៍ចាប់ត្រីប្រភេទ(របាំងសាច់អួនក្រឡាល្អិតៗ)ខាងលើនេះ មានច្រើនខ្សែហើយវែងៗណាស់(រាប់សិបគីឡូម៉ែត្រ) ។ ម្យ៉ាងទៀត សមត្ថកិច្ចភាគច្រើនបង្រ្កាបកាត់យកតែក្បាលបរ(ចាប់ត្រី)យកទៅបាត់ ឡាញឬសាច់របាំងពុំសូវបំផ្លាញចោលនោះទេ ហើយជួនកាលពួកជនប្រព្រឹត្តយកលុយទៅលោះយកក្បាល(បរ)នោះមកវិញដាក់បានដដែល។ ចំណុចនេះហើយដែលពុំសូវមានប្រសិទ្ធភាពនោះ ៕ ដោយៈ ប៉ឹម ពិន