មន្ត្រីការបរទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង ស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសមកពីកូរ៉េខាងត្បូង ចិន និងជប៉ុន ត្រូវជួបប្រជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីព្យាយាមស្តារនិងបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ ក្នុងចំណោមប្រទេសអាស៉ីជិតខាងទាំង៣ ហើយត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី។

កន្លងមក ទីក្រុងសេអ៊ូល ប៉េកាំង និងតូក្យូ បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលរៀងរាល់ឆ្នាំ ដោយចាប់ពីឆ្នាំ២០០៨ ដើម្បីពង្រឹងទំនាក់ទំនងផ្នែកការទូតនិងសេដ្ឋកិច្ចរវាងគ្នា ប៉ុន្តែផែនការនេះត្រូវបានរារាំងដោយបញ្ហាវិវាទទ្វេភាគី បូករួមជាមួយការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ កិច្ចប្រជុំត្រីភាគីចុងក្រោយបង្អស់រវាងមេដឹកនាំប្រទេសទាំង៣ គឺត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៩។
នាពេលនេះ ប្រមុខការទូតកូរ៉េខាងត្បូង ចិន និងជប៉ុន កំពុងស្ថិតនៅទីក្រុង Busan ដើម្បីបើកកិច្ចប្រជុំជាមួយគ្នា ហើយវាក៏ជាកិច្ចប្រជុំលើកដំបូងផងដែរ គិតចាប់តាំងពីឆ្នាំ២០១៩មក។ កាលពីខែកញ្ញា ឆ្នាំនេះ ក្រុមមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំង៣ បានឯកភាពគ្នារៀបចំឱ្យមានកិច្ចប្រជុំកំពូលត្រីភាគីឡើងវិញ នៅពេលវេលាសមស្របនិងឆាប់រហ័សមួយ។ កាលពីព្រឹកថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានជួបដាច់ដោយឡែកពីគ្នា ជាមួយសមភាគីជប៉ុន លោកស្រី Yoko Kamikawa និងសមភាគីចិន លោក Wang Yi។ លោកស្រី Kamikawa និងលោក Wang បានជួបគ្នាទ្វេភាគី កាលពីថ្ងៃសៅរ៍។
ស្របពេលដែលចិននិងសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមផ្សះផ្សារទំនាក់ទំនង ដែលមានភាពចម្រូងចម្រាសខ្លាំង រួមមានទាំងការរៀបចំកិច្ចប្រជុំកំពូល ដែលបានប្រព្រឹត្តទៅក្នុងខែវិច្ឆិកានេះ រវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទីក្រុងប៉េកាំងមានក្តីកង្វល់ចំពោះការដែលទីក្រុងវ៉ាស៉ីនតោន ព្រមទាំងកូរ៉េខាងត្បូងនិងជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៉ី កំពុងតែខិតខំពង្រឹងភាពជាដៃគូត្រីភាគី របស់ពួកគេ។ កាលពីខែកក្កដា លោក Wang Yi បានព្រមានថា កិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ អាចបង្កើនភាពតានតឹងនិងការប្រឈមមុខគ្នា នៅក្នុងតំបន់៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print