ខេត្តសៀមរាប៖ រថយន្តដឹកក្រុមឆៃយ៉ាំមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែងមិនប្រយ័ត្នក៏ជ្រុលទៅធ្លាក់ផ្លូវលើភ្នំគូលែន បណ្ដាលឱ្យមនុស្សចំនួន ០៦នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល ១៣នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរអិលធ្លាក់ផ្លូវដោយខ្លួនឯងនេះ បានកេីតឡេីងនៅវេលាម៉ោង ៣ និង៣០ និងរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវបេតុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឱ្យស្លាប់មនុស្សនៅកន្លែងកើត ហេតុចំនួន ០៦នាក់ (ស្រី០២នាក់), របួសធ្ងន់ចំនួន ១៣នាក់ (ស្រី០៧នាក់), របួសស្រាលចំនួន ០៥នាក់ (ស្រី០៣នាក់) បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA PICKUP ពណ៌ សផ្លាកលេខ សៀមរាប 28-4740 ។
បេីតាមការបញ្ជាក់ពីអធិការស្រុកស្វាយលើ លោក យឹប យ៉ុងឈាង បានឱ្យដឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះថា មានករណីរថយន្តមួយគ្រឿងរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិននៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
លោកអធិការស្រុក បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងជាមួយកម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយ បត់កែង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ស្វាយលើ រង់ចាំការដោះស្រាយតាមនីតិវិធី៕ដោយ៖សហការី