ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តមប្រធាន ជាទីគោរព!
នាឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល និងក្តីសប្បាយរីករាយនៃពិធីខួបកំណើតគម្រប់ខួប៤០ ឈានចូល៤១ឆ្នាំ ក្នុងនាមក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជន កម្ពុជា(ស.ស.យ.ក.) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមចូលរួមសម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅនិងបង្ហាញនូវ មនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ព្រមទាំងសូមគោរពជូនពរសព្ទសាធុការមហាប្រសើរនិងសិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមប្រធាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការដឹកនាំមហាគ្រួសារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមកសាងវឌ្ឍនភាពជាតិ ក្រោមដំបូលនៃសន្តិភាព ឱ្យកាន់តែ មានការវិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត ប្រកបដោយនិរន្តរភាពនិងចីរភាព។
នាឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការជឿជាក់យ៉ាងមុតមាំ និង កោតសរសើរដ៏ស្មោះបំផុតចំពោះ ឯកឧត្តមប្រធាន ដែលជាយុវបញ្ញវន្តនិងជាថ្នាក់ដឹកនាំមួយរូបមានគុណវុឌ្ឍ សមត្ថភាព ទេពកោសល្យ បទពិសោធខ្ពស់ តម្កល់ប្រយោជន៍ជាតិជាធំ និងមានភាពឈ្លាសវៃ ក្នុងការដឹកនាំ ដើម្បីកសាងស្នាដៃនិងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរជូនដល់ ឯកឧត្តមប្រធាន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមជួបតែសេចក្តីសុខ សុភមង្គល និង សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមប្រធាន ទទួលនូវការគោរពដ៏ស្មោះពីយើងខ្ញុំទាំងអស់គ្នា៕