ខេត្តពោធិ៍សាត់ ៖ ពិតជាសង្វេគណាស់ លោក ពេជ្រ រដ្ឋា ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេញចិត្តឲ្យបកស្រាយបទៈ ចម្រៀង នាពេលកន្លងមក បានជួបគ្រោះថ្នាក់ចរាចរណ៍នាយប់ម៉ិញ បញ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះ ដែលគេសង្ស័យបញ្ដាលមកពីកត្តាល្បឿន ។
ហេតុការណ៍ដ៏មហាសែនរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២ និង២៤នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ០២រោច ខែកគ្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧.២៨ ស្ថិតនៅភូមិព្រែកទី-៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងរបាយការណ៍ជាបឋម នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដែលកំពុងឋិតក្នុងការស្រាវជ្រាវនៅឡើយនោះ លោក ពេជ្រ រដ្ឋា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង មានទីលំនៅ ភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បញ្ជាក់(មិនឆ្ងាយពីកន្លែងកើតហេតុនោះ)។
ក្នុងរបាយការណ៍ដដែលជនរងគ្រោះ ពេជ្រ រដ្ឋា នៅវេលាខាងលើបានចេញដំណើរពីកម្មវិធី(អាពាហ៍ពិពាហ៍)នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I 0443 ក្នុងគោលបំណងទៅផ្ទះ លុះមកដល់ចំណុចកើតហេតុបានដួលម៉ូតូបោកទៅនឹងថ្នល់ រងរបួសធ្ងន់ ក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក៏បានបាត់បង់ជីវិតបែបនេះ ហើយជាបឋមសង្ស័យបណ្ដាលមកពីកកត្តាល្បឿន ៕ ដោយៈ ប៉ឹម ពិន