ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ កំណើនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលរួមកម្សាន្តនៅរាជធានីភ្នំពេញប្រមាណជាង ៥លាននាក់ ក្នុងរយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។
ជាក់ស្ដែងនៅក្នុងសំណេររបស់លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា៖ ជាមួយនឹងការតុបតែងលំអភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ តាមដងវិថី ការទស្សនាការប្រណាំងទូក ការបាញ់កាំជ្រួចចម្រុះពណ៌ពេញផ្ទៃអាកាស ប្រទីបបណ្តែតយ៉ាងស្រស់ស្អាតលើផ្ទៃទឹក ពិធីអកអំបុកជាប្រពៃណី ទស្សនាកំសាន្តការប្រគំតន្ត្រី ប្រដាល់កីឡា ស្តង់ពិព័រណ៌លក់ទំនិញចម្រុះមុខ រួមនឹងការធានាបាននូវសន្តិសុខសុវត្ថិភាព ព្រមទាំងការសម្អាតអនាម័យបរិស្ថានផងនោះ។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា រយៈពេល០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បានធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលរួមកំសាន្តនៅរាជធានីភ្នំពេញប្រមាណជាង ៥លាននាក់ ប្រកបដោយភាពសប្បាយរីករាយ។ អរគុណសន្តិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់នេះ!