ភ្នំពេញ ៖ សារថ្លែងអំណរគុណរបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការដឹកនាំ នៅក្នុងតំបន់ ក-៧-២ ជូនកងកម្លាំងទាំងអស់ ដែលបានការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។
ក្នុងនាមប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាបញ្ជាការដឹកនាំ នៅក្នុងតំបន់ ក-៧-២ ភូមិសាស្ដ្រខាងត្បូងព្រះបរមរាជវាំង ខ្ញុំសូមថ្លែងអំណរគុណដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងអង្គភាពដែលចូលរួមសហការ រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានអង្គរក្ស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថរាជធានីភ្នំពេញ, យោធភូមិភាគពិសេស និងសាលាខណ្ឌដូនពេញ។
កងកម្លាំងទាំងអស់បានចូលរួមអស់ពីស្មារតីនៃការទទួលខុសត្រូវ លើការងារអនុវត្តផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដោយទទួលបានជោគជ័យ១០០ភាគរយ។ ទោះបីជាមានបទល្មើសសណ្ដាប់ធ្នាប់បន្ដិចបន្ទួច ប៉ុន្ដែកម្លាំងទាំងអស់បានម្ចាស់ការបាន និងឈានដល់ការទប់ស្កាត់ គ្រប់គ្រងបានរួមទាំងការងារជំនាញធំៗ។
ជាការកត់សម្គាល់ ករណីក្មេងវង្វេងអាណាព្យាបាល ត្រូវក្រុមការងារនីតិវិធីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ខិតខំប្រឹងប្រែងស្វែងរកឃើញ និងប្រគល់ជូនអាណាព្យាបាលវិញ។ ករណីបាត់សម្ភារ ដូចជា ទូរស័ព្ទ និងម៉ូតូ ក៏ត្រូវបានស្វែងរកឃើញ និងប្រគល់ជូនម្ចាស់វិញភ្លាមៗផងដែរ។
កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់កងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ និងមនសិការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យបេសកកម្មនេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលសកម្មភាពដ៏ឧត្ដុង្គឧត្តមនេះបានចូលរួមលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមជូនពរដល់កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកងកម្លាំងដែលបានចូលរួមសហការទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់ ព្រមទាំងទទួលបាននូវពុទ្ធពរដ៏ប្រពៃថ្លៃថ្លា ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕