ក្រុមអាជីវករផ្សារស្ទឹងមានជ័យថ្មីបានឲ្យដឹងថា សព្វថ្ងៃនេះល្បែងស៊ីសងបានកំពុង កើតមានពេញបន្ទុកនៅក្នុងផ្សារស្ទឹងមានជ័យថ្មីដោយសារតែលោកប្រធានផ្សារអនុញ្ញាត ។ ប្រភពរាយការណ៍ថា ល្បែងស៊ីសងនៅក្នុងផ្សារនោះមានដូចជាបៀ និងកត់ កន្ទុយលេខដែលនៅជាន់ខាងក្រោមម្តុំលក់ផ្លែឈើ ។ សម្រាប់ក្រុមអ្នកលេងល្បែងបៀ វិញជួនកាលអង្គុយវាតវង់កណ្តាលវាលក៏មានដែរ ។
មូលហេតុដែលបណ្តាលឲ្យមានល្បែងស៊ីសងកន្ទុយលេខ និងបៀគគ្រឹកគគ្រេង នោះ ពីព្រោះតែផ្សារនេះមិនសូវមានអតិថិជនចូលច្រើនប៉ុន្មានទេ ដូច្នេះអ្នកលក់មានពេលវេលាអាចអង្គុយលេងបៀបាន ។ ជាមួយគ្នានោះមេកន្ទុយលេខក៏ដូចជាអ្នកកត់ កន្ទុយលេខមានច្រើននៅក្នុងផ្សារនេះ អ្នកកត់កន្ទុយលេខមកជជែកពិភាក្សាជាមួយ អ្នកលក់ ដើម្បីនិយាយអំពីកន្ទុយលេខ ។ ឱកាសរបស់អ្នកកត់កន្ទុយលេខ និងអ្នកចាក់បានជួបជជែកគ្នាស្អិតល្មួតអំពីបញ្ហានៃការចេញលេខឆ្នោតដែលមានច្រើនប៉ុស្តិ៍ ។
បើទោះបីជានៅក្នុងផ្សារនេះមានល្បែងស៊ីសងចម្រុះបែបណាក៏ដោយក៏អាជ្ញាធរ មិនចាប់អារម្មណ៍និងបង្ក្រាបនោះដែរ ។ គេចាត់ទុកការអង្គុយវាតវង់លេងបៀក្នុងផ្សារនេះថា ជាការកម្សាន្តនៅពេលទំនេរ រីឯការចាក់កន្ទុយលេខក៏ជារឿងធម្មតាទៅហើយ ព្រោះថានៅភ្នំពេញនរណាៗ ក៏គេលេងឆ្នោតដែរ ។ ដូច្នេះអាជ្ញាធរសង្កាត់ ខណ្ឌបានសន្តោសប្រណីចំពោះអ្នកលេងល្បែងស៊ីសងនៅផ្សារស្ទឹងមានជ័យថ្មីនេះណាស់ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់