នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទ ដែលសហការគ្នាបានល្អ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានលិខិតថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទ ដែលសហការគ្នាបានល្អក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានយ៉ាងល្អប្រសើរបំផុត។

ជាក់ស្ដែង​យោង​តាមរយៈលិខិតថ្លែងអំណរគុណ របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានបញ្ជាក់យ៉ាងដូច្នេះថា៖​ «ក្នុងនាមអនុគណៈកម្មការ និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមសម្ដែង នូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឲ្យដំណើរការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ។

កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ និងកងកម្លាំង ទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ និងមនសិការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យ ព្រឹត្តិការណ៍នេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលសកម្មភាពដ៏ឧត្ដុង្គឧត្តមនេះបានចូលរួមលើក ស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងនាមអនុគណៈកម្មការ និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមថ្លែងនូវ ការកោតសរសើរដោយស្មោះ និងសូមជូនពរ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងទទួលបាននូវ ពុទ្ធពរដ៏ប្រពៃថ្លៃថ្លា ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print