ខេត្តសៀមរាប៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារដែលអាជ្ញាធរមានគម្រោង ជម្លៀសចេញពីតំបន់ទេសចរណ៍ភ្នំគូលែន ខេត្ដសៀមរាបនោះប្តេជ្ញាចិត្តនឹងមិនចាកចេញពីភូមិទេ ដោយអះអាងថាការផ្លាស់ប្ដូរទៅទីតាំងថ្មីនាំឱ្យបាត់បង់មុខរបរធ្វើឱ្យ ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ។
លោក ភួង លីណា មន្ត្រីមន្ទីរបរិស្ថានខេត្ដសៀមរាបប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថាពលរដ្ឋជាង៣០០គ្រួសារដែលស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំគូលែន ស្រុកស្វាយលើនឹងត្រូវជម្លៀសចេញទៅទីតាំងថ្មីដើម្បីថែរក្សាបរិស្ថានតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដែលគ្រោងដាក់បញ្ចូលជា សម្បត្ដិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក ។ ពលរដ្ឋដែលត្រូវចាកចេញពីភូមិព្រះអង្គធំមានប្រមាណជាង៣០០គ្រួសារ ជាគ្រួសារកងទ័ពហើយពលរដ្ឋដែលត្រូវបោះទីតាំងថ្មីនៅមិនឆ្ងាយពីទីតាំងចាស់ទេ គឺយើងយកតែសំណង់លំនៅឋានទេ ចំណែកការលក់ដូរធ្វើអាជីវកម្មនោះនៅ ដដែលគ្រាន់តែត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញប៉ុណ្ណោះ ។
អ្នកភូមិនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំគូលែន ស្រុកស្វាយលើប្រាប់ប្រហាក់ប្រហែលគ្នាថា ពួកគាត់មិនព្រមចាកចេញពីភូមិតាម គម្រោងរបស់អាជ្ញាធរនោះឡើយបើទោះបីមានសំណងឬផ្ដល់ដីសង្គមកិច្ច ដោយ អះអាងថា ការតាំងទីលំនៅថ្មីធ្វើឱ្យបាត់បង់មុខរបរ និងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ ខណៈដែលលំនៅឋានអ្នកភូមិមាន តម្លៃរាប់ម៉ឺនដុល្លារ។ អ្នកភូមិបានបដិសេធការចោទរបស់អាជ្ញាធរដែលថា អ្នកភូមិទាំងនោះរស់នៅធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងមានការកាប់បំផ្លាញព្រៃឈើ ។ ពួកគាត់ បន្ដថា “ទៅកន្លែងថ្មីវាពិបាកព្រោះយើង កសាងជីវភាពថ្មី ព្រោះអីយើងរស់នៅយូរ ឆ្នាំមក ហើយៗផ្ទះក៏ធំៗហើយមុខរបរនេះយើងនាំគ្នាខំដោះដូរគ្នាយកលុយធនាគារមកទិញព្រោះប្រជាជននៅភូមិហ្នឹងមាន សង្ឃឹមមានតែលក់ដូរតិចតួច ស្រែក៏អត់ មានធ្វើរស់នៅដោយសាររបស់របរលក់វត្ថុអនុស្សាវរីយ៍” ។
លោក ឈឿម តាំង មេឃុំខ្នងភ្នំគូលែន ស្រុកស្វាយលើធ្លាប់មានប្រសាសន៍ថាលោក ទទួលបានសេចក្ដីសម្រេចពីសាលាខេត្ដ ឱ្យស្រង់ឈ្មោះ ពលរដ្ឋដែលជាគ្រួសារកងទ័ពនិងសំណង់អនាធិបតេយ្យដែលទើបកើតថ្មីៗពលរដ្ឋមួយចំនួនរស់នៅលើភ្នំ គូលែនធ្វើឱ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រនោះពួកគាត់ទៅនៅក្រោយ ឆ្នាំ១៩៩៨ទេ ។
ទោះជាយ៉ាងណាលោក នូ ពុទ្ធិ អ្នក សម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូខេត្ដសៀមរាបមានប្រសាសន៍ថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋក្រោមរូបភាពអភិវឌ្ឍន៍នៅតំបន់ណាមួយត្រូវមានការយល់ព្រមពីអ្នកភូមិ ។ លោកស្នើឱ្យអាជ្ញាធរប្រាប់ទីតាំងច្បាស់លាស់ដែលមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវមានសាលារៀនមណ្ឌលសុខភាពនិងផ្ដល់សំណងសមរម្យដល់អ្នកភូមិមុននឹងជម្លៀសចេញពីទីនោះ ។
គួររំលឹកថាកាលពីប៉ុន្មានឆ្នាំមុននៅលើខ្នងភ្នំគូលែនត្រូវបានក្រុមឈ្មួញកាប់ឈើនៅកណ្តាលព្រៃស្ងាត់យ៉ាងរង្គាលខណៈពុំមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចេញមុខបង្ក្រាបទើបធ្វើឱ្យពួកគេកាប់បានយ៉ាងអនាធិបតេយ្យ ហើយបែរជាមកដាក់បន្ទុក ប្រជាពលរដ្ឋទៅវិញ ៕
ដោយ៖ ប៊ុន រិទ្ធី