ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មាននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ នាយករងខុទ្ធកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធាន សមាជិកមួយចំនួនទៀត។
ក្រុមការងារចម្រុះ មានភារកិច្ច ដូចខាងក្រោម៖
– ទទួលពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍គោរពស្នើសុំគោលការណ៍ដឹកនាំ ឬពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរដិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាដែលមានមនុស្សច្រើននាក់ ក្នុងបំណងមកដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗ ជូនសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដោយព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា ឱ្យយល់អំពីច្បាប់ និងឯកសារផ្សេងៗដែលពាក់ព័ន្ធ
– ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា
– អនុប្រធាន និងសមាជិក ក្រុមការងារចម្រុះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានក្រុមការងារ ។
-រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានស្ថាប័នដែលមានការពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា