រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំនិងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្ស

ចែករំលែក៖

ប្រទេសវៀតណាម ៖ នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។

 

នៅក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី និងលោកប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ដែលមានតាំងពីយូរលុងមកហើយ និងបានពូនជ្រុំឡើងដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។ ជាទំនាក់ទំនងដែលបានប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដីនិងឯករាជ្យជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អ ដៃគូសហប្រតិបត្តិការជានិរន្ត មានការរីកចម្រើនឥតឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ជឿជាក់និងការយោគយល់គ្នាទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។  

 

ភាគីទាំងពីរបានឯកភាពរួមគ្នានៅក្នុងការពូនជ្រុំនិងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អនិងកម្រនេះ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្សតរៀងទៅ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែបានចូលរួមចំណែកកសាងនូវសន្តិភាពនិងវិបុលភាពដល់តំបន់ និងពិភពលោកទាំងមូល ថែមទៀត។

 

នៅក្នុងឱកាសនោះ លោក វឿង ឌិញហ្វេ បានអបអរសាទរជូនចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យយ៉ាងធំធេង ឈានដល់ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានអ្នកបន្តវេនប្រកបដោយមានថាមពលនិងសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍ តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍន៍កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នៅឆ្នាំ២០៥០។  លោកបានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលនេះ ជាផែនការដ៏ល្អនិងជាទីកោតសរសើរយ៉ាងក្រៃលែង។

 

ជាមួយគ្នានេះ លោកប្រធានរដ្ឋសភា ក៏បានចូលរួមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា។ លោក វឿង ឌិញហ្វេ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត នៅលើគ្រប់វិស័យ មានទំាងវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ការអប់រំ បណ្តុះបណ្តាល កសិកម្ម ជាដើម។

 

សម្តេចរដ្ឋសភាធិបតី បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម នឹងជឿជាក់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់បក្សនិងរដ្ឋ ប្រទេសវៀតណាមនឹងទទួលបានការអភិវឌ្ឍន៍បន្ថែមទៀត ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នៅក្នុងតំបន់។ សម្តេច ក៏បានគំាទ្រប្រសាសន៍លើកឡើងរបស់ភាគី និងបានគូសបញ្ជាក់ពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាងភូមិផងរបងជាប់គ្នាថា មានសារៈសំខាន់នៅក្នុងស្ថានការណ៍  ពិភពលោកមានភាពស្មុគស្មាញនិងហានិភ័យខ្ពស់។ ឈរលើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ត នេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនិងឡាវ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពដំបូងគេបង្អស់នៅដើមរដ្ឋសភានីតិកាលទី៧នេះ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print