ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។
ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តក្រចេះ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕