ប្រទេសវៀតណាម ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បញ្ជាក់សារជាថ្មីនៅក្នុងជំនួបជាមួយនឹង លោក វ៉ូ ហៃហា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមថា ទស្សនកិច្ចនៃគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គឺជាទស្សនកិច្ចទី១ និងជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-វៀតណាម សម្រាប់រដ្ឋសភាអាណត្តិទី៧ ហើយគណៈកម្មការ/កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងពីរ នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងរដ្ឋសភា ស្ថាប័នទាំងពីរនៃរដ្ឋសភា និងរវាងគណៈកម្មាធិការកិច្ចការបរទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងយន្តការសហប្រតិបត្តិការសភាពហុភាគី។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងលោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រីឯភាគីវៀតណាម ក៏មានការចូលរួមពីតំណាងគណៈកម្មាធិការកិច្ចការសង្គម គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច គណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងគណៈកម្មាធិការសន្តិសុខនិងការពារជាតិ នៃរដ្ឋសភាវៀតណាមផងដែរ ៕