លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជួបពិភាក្សាការងារជាមួយសមភាគីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម ៖ ក្នុងដំណើរទស្សនកិច្ចអមសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយសមភាគីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាវៀតណាម។

លោក​ ឡេង​ ប៉េងឡុង បានថែ្លងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានគាំទ្រការបោះឆ្នោតនៅកម្ពុជា និងបានជម្រាបត្រួសៗពីការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលដោយរលូន ហើយថា ភាគីកម្ពុជាមានពេលអាចចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខានាពេលកន្លងមក។

ភាគីទាំងពីរបានពិភាក្សាគ្នាដោយឈរលើស្មារតីស្មោះត្រង់ មិត្តភាព សាមគ្គីភាព​ និងការចែករំលែកបទពិសោធន៍ការងារ ក្នុងតួនាទីជាអ្នកផ្តល់សេវាការងាររដ្ឋបាលជូនសមាជិករដ្ឋសភា តាមរយៈ ការចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នា ទៅវិញទៅមក ដើម្បីជួយដល់សមាជិកសភាទាំងពីរ ក្នុងការងារនយោបាយ គាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរសភានានា។

ភាគីទាំងពីរបានលើកឡើងពីការចាប់ផ្តើមអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី អភិវឌ្ឍចំណេះដឹង បង្កើនសមត្ថភាពដល់មន្រ្តីរដ្ឋសភាទាំងពីរ។

ឆ្លើយតបទៅសំណូមររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការងារពង្រឹងធនធានមន្រ្តីរដ្ឋសភាក្នុងវិស័យព័ត៌មានវិទ្យា ដើម្បីឈានឆ្ពោះទៅអនុវត្តឱ្យបានជោគជ័យ នូវគម្រោងប្រែក្លាយរដ្ឋសភាកម្ពុជា ឱ្យក្លាយទៅជាសភាឌីជីថល ភាគីវៀតណាម បានសន្យាជួយបណ្តុះបណ្តាលមន្រ្តីរដ្ឋសភាកម្ពុជា តាមរយៈការបញ្ជូនគ្រូបង្រៀនទៅកម្ពុជាផ្ទាល់ ឬតាមប្រព័ន្ធនិម្មិត តាមតម្រូវការរបស់ភាគីកម្ពុជា។ អគ្គលេខាធិការដ្ឋានរដ្ឋសភាវៀតណាម​ ក៏បានសន្យា ជួយជ្រោមជ្រែង លើការបង្កើតបណ្ណាល័យច្បាប់ឌីជីថល ដែលជាគម្រោងផ្ដួចផ្ដើមដោយកម្ពុជា ក្នុងក្របខ័ណ្ឌអាយប៉ា និងបានពិចារណាផ្តល់ជំនួយឧបករណ៍ព៌ត៌មានវិទ្យា តាមទិដ្ឋភាពជាក់ស្តែងនៃសេចក្តីត្រូវការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពជា។ បន្ថែមពីនេះភាគីទាំងពីរ បានពិភាក្សាពីការផ្លាស់ប្តូរបទពិសោធន៍រវាងមន្រ្តីរដ្ឋសភាទាំងពីរ​ ដែលអាចប្រព្រឹត្តនៅតាមបណ្តាខេត្តនានានៃប្រទេសទាំងពីរ ជាពិសេសខេត្តជាប់ព្រំដែនវៀតណាម ឡាវ និងកម្ពុជា និងស្នើពិចារណាការផ្លាស់ប្តូរទស្សនកិច្ចសភាវ័យក្មេង ដើម្បីផ្សព្វផ្សាយឱ្យយុវជនជំនាន់ក្រោយ បានយល់កាន់តែច្បាស់ពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពនៃប្រជាជាតិទាំងពីរ។ ឯកឧត្ដម អគ្គលេខាធិការកម្ពុជា ក៏បានអញ្ជើញសមភាគីវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្របណាមួយ​ នាពេលខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print