ខេត្តបាត់ដំបង៖ កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ សហការជាមួយកម្លាំងយោធា ទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន៣១នាក់ ស្ថិតនៅក្នុងភូមិស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានធ្វើការសាកសួរ អប់រំណែនាំមិនឱ្យលួចឆ្លងដែនទៀតនោះទេ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២២៣នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត-ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់-ស៊ី មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៤នាក់ កាលពីថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-ផាត នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ឹង-ស៊ិត មេបញ្ជាការរងកងអនុសេនាធំ រួមនិងកម្លាំងយោធាវរសេនាតូចលេខ៥៣៣ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីន-សេងអាន មេបញ្ជាការរងកងអនុសេនាធំ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងចំនួន១លើក ចំនួន៣១នាក់ ស្រី១៦នាក់ កុមារ៥នាក់។
ក្រោយពីទទួលបាន កម្លាំងជំនាញបានធ្វើការសួរនាំ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើការអប់រំណែនាំ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕