ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង ៧ពាន់នាក់។
លោក ជា សុមេធី ថ្លែងឱ្យដឹងដូចនេះក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលមហោស្រពកោះពេជ្រ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឱ្យដឹងថា ៖ ជនមានពិការភាពចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់ ស្មើ ២,០៥% ក្នុងឆ្នាំ២០២៣។
លោក ជា សុមេធី បានឱ្យដឹងទៀតថា ៖ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រសរុបចំនួន២៤១ ជនមានពិការភាពបានចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្រ្តីចំនួន ៣ ៦៣១នាក់។
ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១នេះ លោក ជា សុមេធី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌” ក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចនូវការអនុវត្តអភិក្រម “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដី ប្រមាថមាក់ងាយ សើចចំអកឡកឡាយដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ហើយអាចបាត់បង់ឱកាស ចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។
គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ពង្រឹងការផ្តល់សេវាផ្សេងៗដូចដែលមានចែងក្នុងកម្មវិធីនយោបាយផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការធ្វើបរិយាបន្នជួយជនមានពិការភាពទៅក្នុងគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មរតកនៃសង្គ្រាមក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ ការងារ ពិការភាពពីកំណើតចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ឱ្យ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»៕