សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសនេប៉ាល់បាននិយាយថា ខ្លួនបានស្នើឱ្យទីក្រុងមូស្គូឈប់ទទួលយកពលរដ្ឋនេប៉ាល់ចូលទៅបម្រើកងទ័ពរុស្ស៉ី និងបញ្ជូនទាហាននេប៉ាល់ទាំងឡាយណាដែលបានចូលបម្រើយោធានៅទីនោះត្រឡប់មកវិញជាបន្ទាន់ ហើយបានអះអាងថាជនជាតិនេប៉ាល់៦នាក់ដែលចូលបម្រើទ័ពរុស្ស៉ីបានបាត់បង់ជីវិត។
ទាហាននេប៉ាល់ដែលហៅថា Gurkhas គឺកំពុងបម្រើនៅក្នុងកងទ័ពរបស់ចក្រភពអង់គ្លេសក៏ដូចជាឥណ្ឌា ក្រោយការទទួលបានឯករាជ្យពីប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៤៧ នៅក្រោមកិច្ចព្រមព្រៀងមួយរវាងប្រទេសទាំង៣។ យ៉ាងណាមិញ ប្រទេសនៃតំបន់ជួរភ្នំហិម៉ាល័យមួយនេះមិនមានកិច្ចព្រមព្រៀងបែបនោះជាមួយរុស្ស៉ីឡើយ ដែលជាប្រទេសកំពុងបន្តធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលនេប៉ាល់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជនជាតិខ្លួន៦នាក់ដែលបានបម្រើក្នុងយោធារុស្ស៉ីគឺបានបាត់បង់ជីវិត ប៉ុន្តែមិនមានការបញ្ជាក់ខ្លឹមសារលម្អិតបន្ថែមនោះទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋាភិបាលនេប៉ាល់ បានស្នើឱ្យរដ្ឋាភិបាលរុស្ស៉ីបញ្ជូនសាកសពពួកគេត្រឡប់មកមាតុភូមិវិញ និងផ្តល់សំណងជំងឺចិត្តដល់គ្រួសារពួកគេ។
បើតាមសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា កិច្ចប្រឹងប្រែងផ្នែកការទូតកំពុងតែប្រព្រឹត្តទៅ ដើម្បីឱ្យមានការដោះលែងពលរដ្ឋនេប៉ាល់ម្នាក់ដែលបានបម្រើកងទ័ពរុស្ស៉ី ហើយត្រូវបានអ៊ុយក្រែនចាប់ជាឈ្លើយសឹក។ មិនតែប៉ុណ្ណោះ នេប៉ាល់ក៏បានទទូចឱ្យពលរដ្ឋខ្លួនកុំចុះឈ្មោះចូលបម្រើយោធានៃប្រទេសណាមួយដែលស្ថិតក្នុងសង្រ្គាម ឬជម្លោះប្រដាប់អាវុធផងដែរ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសនេប៉ាល់ផ្ទាល់ដែលបានស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំទីក្រុងមូស្គូ មានជនជាតិនេប៉ាល់ចន្លោះពី១៥០-២០០នាក់ កំពុងតែធ្វើការជាទាហានស៉ីឈ្នួលក្នុងជួរកងទ័ព
រុស្ស៉ី៕ ដោយធីរីណា
រូបថត:kienthuc