សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសចិនបាននិយាយថា រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន នឹងចាំបាច់ត្រូវធ្វើកំណែទម្រង់នយោបាយ កែលម្អស្ថានភាពសន្តិសុខ និងប៉ះប៉ូវទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងខ្លួនជាមុនសិន ទើបអាចទទួលបានការទទួលស្គាល់ការទូតពេញលេញពីទីក្រុងប៉េកាំង។
ទីក្រុងប៉េកាំងមិនទាន់ទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលពេញលេញផ្លូវការរបស់អាហ្វហ្កានីស្ថាន នៅឡើយទេ ប៉ុន្តែភាគីទាំងពីរមានឯកអគ្គរដ្ឋទូតប្រចាំរៀងៗខ្លួនជាធម្មតា ហើយក៏បាននៅរក្សាការធ្វើប្រាស្រ័យទាក់ទងការទូត ផងដែរ។ នៅពេលត្រូវបានសាកសួរថា តើចិននឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបយ៉ាងដូច្នេះថា «ចិនតែងតែជឿជាក់ថា អាហ្វហ្កានីស្ថានពុំគួរមិនត្រូវរាប់រកក្នុងសហគមន៍អន្តរជាតិនោះទេ។ យើងសង្ឃឹមថា អាហ្វហ្កានីស្ថាន នឹងបន្តឆ្លើយតបចំពោះក្តីរំពឹងរបស់សហគមន៍អន្តរជាតិ, កសាងរចនាសម្ព័ន្ធនយោបាយមួយ ដែលបើកចំហនិងមានបរិយាប័ន្ន ហើយអនុវត្តគោនយោបាយជាតិ និងការបរទេស ដែលមានលក្ខណៈកណ្តាលនិយមនិងមានស្ថិរភាព»។
លោក វ៉ាង បានបន្តទៀតថា ចិនបានទទូចឱ្យទីក្រុងកាប៊ុលប្រយុទ្ធប្រឆាំងឱ្យម៉ឺងម៉ាត់ ចំពោះចលនាភេរវកកម្មគ្រប់ប្រភេទ ហើយរស់នៅដោយសុខដុមរមនាជាមួយ ប្រទេសទាំងអស់នៅជុំវិញពិភពលោក ជាពិសេសបណ្តាប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន និងធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិឱ្យបានឆាប់។ លោក វ៉ាង បានសង្កត់ធ្ងន់ដូច្នេះថា «នៅពេលដែលក្តីកង្វល់របស់ភាគីទាងអស់ទទួលបានការឆ្លើយតបយ៉ាងប្រសើរ ការទទួលស្គាល់ការទូតពេញលេញចំពោះរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក៏នឹងកើតមានឡើងតាមនោះជាក់ជាមិនខានផងដែរ»។
មកទល់នឹងពេលនេះ រដ្ឋាភិបាលតាលីបង់ មិនទាន់មានការទទួលស្គាល់ផ្លូវការពីប្រទេសណាមួយនៅឡើយទេ ចាប់តាំងតែពីការដណ្តើមឡើងគ្រប់គ្រងអំណាច នៅអាហ្វហ្កានីស្ថាន ក្រោយការដកកងទ័ពយ៉ាងចលាចលរបស់សហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២១។ ទោះជាបែបនោះក្តី ទីក្រុងប៉េកាំងនៅរក្សាចំណងទាក់ទងខ្លះ ជាមួយទីក្រុងកាប៊ុល ដែលស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់៕
រូបថត:tuoitre