លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ជំរុញបន្ថែមការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រកាសលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀន នីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នមកគ្រូ បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទូលំទូលាយ នៅទូទាំងប្រទេស។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ជួបសំណេះសំណាល ជាមួយ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋ បានចូលរួមបន្តអនុវត្តនូវយុទ្ធនាការ បានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» ។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ៖ ការដែលយើងទាំងអស់គ្នា ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះ បានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។ កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការផ្តល់ធុងសំរាម ចំនួន២ធុង ចាប់ផ្តើមពីថ្ងៃនេះ ជូនសាសរៀនដំបូងនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យមានការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមយុទ្ធនាការយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីសាលារៀននៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣។ រហូតដល់ ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការ បានជំរុញឲ្យមាន អ្នកចូលរួមដោយផ្ទាល់ សរុបចំនួន 3,317,594 នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួន 118,132នាក់ សិស្សានុសិស្សសរុបចំនួន 2,976,005នាក់ នៅតាមសាលារៀនសរុបចំនួន 7,140សាលា កម្មករ កម្មការនី និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន 578,066នាក់ ដោយផ្សព្វផ្សាយ តាមរោងចក្រសហគ្រាសចំនួួន 187 ការចួមពីវត្តអារាម 29 និងសហគមន៍ ទីប្រជុំជន 74ចំនួន កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ ជឹម ភារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print