ខេត្តព្រះវិហារ៖ លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលបានវគ្គហ្វឹកហ្វឺនបំប៉ន ត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួល ខុស ត្រូវ និងកសាងបាននូវស្ថាប័នមួយដ៏រឹងមាំ ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែទទួលបានការជឿទុកចិត្ត ពីប្រជាពលរដ្ឋបន្ថែមទៀត។ លោកថ្លែងបែបនេះនៅថ្ងៃ ទី០៥ខែធ្នូ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញ ស្រាវជ្រាវបង្គ្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលមានការចូល រួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នតុលាការ និងសិក្ខាកាមជាច្រើនរូប នៅសាលប្រជុំបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត។
នៅក្នុងឱកាសនោះដែរលោក គីម រិទ្ធី ផ្តាំផ្ញើ និងជម្រុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននាពេលនេះ ទៅបន្តអនុវត្តក្នុងការ អន្តរាគមន៍ បង្ក្រាបបទល្មើសដែលកើតមាននូវក្នុងខេត្ត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ។
ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះវិហារក៏បានថ្លែង អំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចូលរួម នាឱកាសនេះ នឹងបានកោត សរសើរដល់សិក្ខាកាមទាំងអស់ដែលបានចូលរៀនវគ្គហ្វឹកហ្វឺន ក្នុងការបំប៉នការងារចិត្តសាស្ត្រ នៃជំនាញស្រាវជ្រាវបង្ក្រាបបទល្មើសប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្ត នាពេលនេះ។
បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននាពេលនេះ មានរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែ វិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់ក្នុង នោះស្រី០៥ នាក់។
វគ្គហ្វឹកហ្វឺននេះ មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង និងចំណេះធ្វើ លើមុខវិជ្ជាច្បាប់ និងជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើឱ្យនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសីលធម៌ គុណធម៌ មានមនសិការ ការងារ និងអត្តចរិតស្លូតត្រង់៕