សមត្ថកិច្ចដុតកម្ទេចត្រចៀកជ្រូកបង្កកទម្ងន់៩០០ គីឡូក្រាម លួចនាំចូលពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តព្រៃវែង ៖ សមត្ថកិច្ចជំនាញថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានដុតកំទេចត្រចៀកជ្រូកបង្កកដែលឈ្មួញលួចចូលហើយត្រូវសមត្ថកិច្ចបង្ក្រាបបាន។ ត្រចៀកជ្រូកបង្កកចំនួន៩០កេស ស្មើនឹង៩០០គីឡូក្រាម ដែលឈ្មួញបានលួចនាំចូលពីប្រទេសវៀតណាម ហើយបម្រុងនាំយកទៅកាន់ទីផ្សារនៅឯរាជធានីភ្នំពេញ ត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំបឹងព្រះបង្ក្រាបបាន ក្នុងពេលដែលកំពុងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យពេលយប់ ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

កម្លាំងនគរបាលស្រុកបាភ្នំ បានប្រាប់ឲ្យដឹងថា ត្រចៀក ជ្រូកបង្កកទាំងអស់នេះ ត្រូវបានក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងស្វាយអាង៉ោង ដោយដឹកតាមរថយន្តសាំយ៉ុងពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២w០៩៦៧ គោលដៅឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។

កម្លាំងនគរបាលស្រុកបាភ្នំ បានប្រាប់ឱ្យដឹងបន្តថា ប៉ុន្តែពេលបើកមកដល់មុខប៉ុស្ដិ៍រដ្ឋបាលបឹងព្រះ ក៏ត្រូវកម្លាំងប៉ុស្ដិ៍រដ្ឋ ដែលកំពុងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យនៅខាងមុខប៉ុស្ដិ៍ឃាត់រថយន្តត្រួតពិនិត្យ ហើយក៏រកឃើញថា គ្មានលិខិតអនុញ្ញាតិអ្វីទាំងអស់គឺលួចនាំចូលដោយខុសច្បាប់ ទើប កម្លាំងប៉ូលិសប៉ុស្តិ៍បឹងព្រះបង្ក្រាប រួចប្រគល់ទៅឲ្យខាងអធិការស្រុក ដើម្បីចាត់ការបន្តភ្លាមៗតែម្តង។

កម្លាំងនគរបាលស្រុកបាភ្នំ បានប្រាប់បន្តទៀតថា លុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោក យន់ សំណាង និងលោក យក់ សុវត្ថិ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចក៏បានប្រគល់ត្រចៀកជ្រូក និងរថយន្តដឹក ទៅឲ្យខាងមន្ត្រីជំនាញ ក.ប.ប ខេត្តព្រៃវែង ដើម្បីចាត់ការបន្ត។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត ព្រៃវែង ( ក.ប.ប ) បានប្រាប់ឲ្យដឹងដែរថា ក្រោយពីមន្ត្រីជំនាញ ក.ប.ប ពិនិត្យត្រចៀកជ្រូកបង្កកទាំងអស់នោះរួចមក រកឃើញថា ត្រចៀកជ្រូកទាំងអស់ពុំមានដាក់សារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែពួកគេនាំចូលដោយខុសច្បាប់។ ហើយការដឹកជញ្ជូន និងការវេចខ្ចប់ក៏មិន បានត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេសទៀតផង ជា ហេតុធ្វើឲ្យសាច់ទាំងនោះខូចគុណភាព ទើបតម្រូវឲ្យធ្វើការបំផ្លាញចោលតែម្តង។

គួរបញ្ជាក់ផងដែរថា ក្រោយពីត្រូវចាប់ឃាត់ត្រចៀកជ្រូក បង្កកទាំងអស់ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្បែរជើងភ្នំឈើកាច់ ចំណែករថយន្ត និងម្ចាស់រថយន្ត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយមិនត្រូវបានផាកពិន័យអ្វីនោះទេ គឺសមត្ថកិច្ច និងមន្ត្រីជំនាញ គ្រាន់តែអប់រំណែនាំ និងឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យា ដើម្បីឈប់រកស៊ីដឹក ជញ្ជូនទំនិញដោយគ្មានច្បាប់អនុញ្ញាតិបែបនេះតទៅ ទៀត៕

...

ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print